ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងមន្ដ្រី ឃុំ-សង្កាត់ បន្ទាប់ពីមានករណីឃុបឃិត និង បន្លំយកប័ណ្ណសមធម៌ ឬកាតវីង ដើម្បីដកយកថវិកា របស់អ្នកទទួលផល ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារ អាយក្រោម ២ឆ្នាំ។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង បានឱ្យដឹងថា ក្នុងគោលបំណង ផ្ដល់នូវកិច្ចគាំពារ ដើម្បីរក្សាលំនឹងជីវភាព រស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់ សុខុមាលភាពមាតា និងទារក ក្នុងការ រួមចំណែកដោះស្រាយបញ្ហា កង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីនៅក្នុងផ្ទៃរហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូត លាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការ នូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសមធម៌ (ក្រកម្រិត១ ឬក្រ កម្រិត២) និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម២ឆ្នាំ ដែលបាននិង កំពុងអនុវត្ត តាមយន្តការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្ត ដោយមានរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់ ។
សម្ដេច បន្ដថា រយៈពេលជាងពីរឆ្នាំកន្លងទៅ កម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈជាការ ឧបត្ថម្ភសាច់ប្រាក់នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាន លទ្ធផល ផ្លែផ្កា គួរជាទីមោទនៈ ។ ជាមួយគ្នានេះដែរ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ចំនួន ពីរទៀតគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យ ក្នុងអំឡុង ពេលមានសម្ពាធ អតិផរណា និងកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផល ប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់ ។
សម្ដេច បានឱ្យដឹងទៀតថា ទន្ទឹមនឹងលទ្ធផល ជាវិជ្ជមាន ថ្មីៗនេះក៏កើតមានភាពមិនប្រក្រតីមួយចំនួន ដូចជា៖ ការយកកម្រៃសេវាពី ប្រជាពលរដ្ឋ ដែលបានមកផ្ទៀងផ្ទាត់ ឈ្មោះទទួលប្រាក់ឧបត្ថម្ភ ការឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ និងកាត់វឹង ដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធី ជាដើម ។
សម្ដេច ស ខេង បញ្ជាក់ថា «ដូច្នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង សុចរិតភាព ក្នុងការអនុវត្តកម្មវិធីជាតិ ជំនួយសង្គមជាពិសេសកម្ម វីធីឧបត្ថម្ភសាច់ប្រាក់ រដ្ឋបាល រាជធានី ខេត្ត ត្រូវអនុវត្តកិច្ចការមួយចំនួន ដូចខាងក្រោម ៖ ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរព ជាដាច់ខាតនូវគោលការណ៍ និងនីតិវិធីនៃការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ដែលកំពុងតែអនុវត្ត ព្រមទាំងទប់ស្កាត់ភាព មិនប្រក្រតី នៃការអនុវត្ត កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យ ក្នុងអំឡុងពេលមាន សម្ពាធអតិផរណា និងកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរង ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យដំណើរការ នាពេលថ្មីៗនេះ» ។
សម្ដេច ក៏បានបន្ថែមថា អភិបាលរាជធានី-ខេត្ត ត្រូវណែនាំដល់មេឃុំ ចៅសង្កាត់ មិនត្រូវប្រគល់ឈ្មោះគណនី (Username) និងលេខសម្ងាត់ (Password) សម្រាប់អនុម័តអ្នកទទួល ផលចូលក្នុងកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម២ឆ្នាំ ទៅបុគ្គលផ្សេងឡើយ ។ ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់ ចំពោះមន្ត្រីឃុំ សង្កាត់ណា ដែលបានអនុវត្តមិនប្រក្រតី នៅក្នុងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ទាំងនេះ៕