ភ្នំពេញ៖ លោក មីឆែល ប៊ូសូល (Michel Bujold) ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត បានថ្លែងបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា អ្វីជាគំរូដែលប្រតិភូកត់សម្គាល់ឃើញនោះគឺ សម្ដេចបានប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាសក្តានុពល ។
ក្នុងឱកាសដឹកនាំប្រតិភូក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ នាថ្ងៃទី១០ ធ្នូនេះ លោក មីឆែល ប៊ូសូល បានមានប្រសាសន៍ថា លោកមានសេចក្តីរីករាយ ដែលបានទទួលដំណឹងថា សម្ដេចតេជោ នឹងធ្វើដំណើរទៅអឺរ៉ុប ក្នុងការពិភាក្សាការស្វែងរកសន្តិភាព ដែលប្រទេសនៅអឺរ៉ុបត្រូវការបំផុត ជាពិសេសនៅប្រទេសអ៊ុយក្រែន ។
ប្រធានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត បញ្ជាក់ថា «អ្វីជាគំរូដែលប្រតិភូ បានកត់សម្គាល់ឃើញនោះគឺ សម្ដេចតេជោបាន ប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ឱ្យទៅជាសក្តានុពល។ ជាមួយគ្នានោះ សម្តេចបានឆ្លៀតឱកាសកូវីដ១៩ កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ អាងប្រព្រឹត្តកម្មទឹកកខ្វក់ លំអទីក្រុងធ្វើឱ្យចរាចរណ៍ ធ្វើដំណើរបានយ៉ាងរលូន បានយ៉ាងល្អ និងធ្វើឱ្យភ្លើងភ្លឺចិញ្ចាចដែលអាចនិយាយបានថា ទីក្រុងព្រះសីហនុជាទីក្រុង ភ្លឺចិញ្ចាចដ៏ស្រស់បំព្រង» ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណលោក មីឆែល ប៊ូសូល ហើយបានមានប្រសាសន៍ថា កូវីដ១៩ ពិតជាបាននាំមកនូវផលវិបាកមែន ប៉ុន្តែបានគ្រប់គ្រងល្អ បានជួយសង្គ្រោះជីវិតមនុស្សប្រមាណ ៤ពាន់នាក់ មកពីប្រមាណ ៧០ប្រទេស ដែលជាប់គ្មានកន្លែងចុះចត លើកប៉ាល់វ៉េស្ទើដាម ហើយថ្ងៃនេះជាថ្ងៃទិវាសិទ្ធិមនុស្ស ប្រសិនបើគ្មានសន្តិភាពទេ វាសនាប្រជាជនលើ កប៉ាល់មិនដឹងជាយ៉ាងម៉េច។
សម្តេចតេជោបន្តថា សន្តិភាពផ្ដល់នូវការរស់រានមានជីវិត និងសិទ្ធិដទៃទៀតដែលបន្តផ្ដើមចេញពីសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ ការកសាងសេដ្ឋារចនាសម្ព័ន្ធ រៀបចំបុណ្យសមុទ្រប្រចាំឆ្នាំ តាមខេត្តដែលមានឆ្នេរសមុទ្រ ជារៀងរាល់ឆ្នាំដើម្បីអភិរក្ស ការពារ អភិវឌ្ឍន៍និងទាក់ទាញទេសចរណ៍ ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា។
សម្តេចតេជោ បន្ថែមទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវការគោរព រាល់លក្ខខណ្ឌជាសមាជិកភាពក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ហើយក៏បានស្នើសុំឱ្យមាន ការពិចារណាដាក់លក្ខខណ្ឌមួយបន្ថែមទៀត នោះគឺកុំឱ្យមានការប្រើប្រាស់ថង់ប្លាស្ទីក នៅតាមឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ៕