ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ ជាមាសបៃតង ដែលចូលរួមចំណែក អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាមាសបៃតង ដោយចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ បង្កើន ប្រាក់ចំណូលជូនប្រជាជន ដោយផ្ទាល់ និងដោយប្រយោល។

នាឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» ប្រារព្ធធ្វើឡើងនៅក្រុងព្រះសីហនុ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ទាមទារចាំបាច់ឱ្យមានការអភិវឌ្ឍទីក្រុងស្អាត ទីក្រុងបៃតង ឆ្នេរសមុទ្របៃតង និងកោះបៃតង ស្របតាមទស្សនទាន «ការអភិវឌ្ឍដើម្បីការអភិវឌ្ឍ ការអភិវឌ្ឍដើម្បីការពារអភិរក្ស»។ 

សម្ដេចតេជោ បញ្ជាក់ថា «ជាការពិត រាជរដ្ឋាភិបាលបានចាត់ទុក វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា មាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, បង្កើនចំណូលជាតិ, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់, ពិសេសរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍ទៅជា កម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០»។

សម្ដេចតេជោ បន្ដថា ឈរលើមូលដ្ឋានទាំងអស់នេះ ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មិនមែនធ្វើឡើងសម្រាប់តែបច្ចុប្បន្ននោះទេ ប៉ុន្ដែ បានគិតគូរវែងឆ្ងាយទៅដល់អនាគត ជាមួយនឹងផែនការច្បាស់លាស់ ពិសេសស្របពេលដែលពិភពលោកទាំងមូល បាននិងកំពុងប្រឈមនឹងការវិវត្តថ្មីៗ ឥតឈប់ឈរទាំងលើសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ 

សម្ដេចតេជោបានបន្ថែមថា កម្ពុជា នឹងបន្ដកិច្ចខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថានធនធានធម្មជាតិ ដោយឈរលើគោលការណ៍ «ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស រីឯការអភិរក្សបម្រើឱ្យការអភិវឌ្ឍ» ដោយត្រូវរួមគ្នា «រួមគិត រួមធ្វើ រួមទទួលសុខត្រូវ» ដើម្បីឱ្យឆ្នេរសមុទ្រកម្ពុជា បន្ដជាឆ្នេរសមុទ្រដែលស្អាតលើសកលលោក និងជា «តារារះ នាទិសរតី»៕

To Top