ព័ត៌មានអន្តរជាតិ

Update៖ អ៊ីរ៉ង់ ថ្កោលទោសទៅលើការ ដាក់ទណ្ឌកម្មរបស់អូស្ត្រាលី ខណៈដែលចូលជ្រៀតជ្រែក ក្នុងរឿងផ្ទៃក្នុងរបស់ខ្លួន

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសទៅលើការ ដាក់ទណ្ឌកម្មរបស់ប្រទេសអូស្ត្រាលី លើបុគ្គល និងស្ថាប័នរបស់អ៊ីរ៉ង់ ដោយបានលើកឡើងថា ពួកគេតំណាងឱ្យប្រទេសនេះ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអ៊ីរ៉ង់ ។

លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍របស់ក្រសួងថា រដ្ឋាភិបាលអូស្ត្រាលី “បានរំលោភសិទ្ធិជាមូលដ្ឋាន ជាច្រើនឆ្នាំរបស់ជនជាតិដើមអូស្ត្រាលី អ្នកទោស និងជនភៀសខ្លួន” ។

លោកបានលើកឡើងទៀតថា “អូស្ត្រាលី ក៏បានផ្តល់ជម្រកដល់ ក្រុមភេរវជនប្រឆាំងអ៊ីរ៉ង់ និងក្រុមបំបែកខ្លួនផងដែរ” ។

គួររំលឹកថា នៅព្រឹកថ្ងៃដដែលនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិអ៊ីរ៉ង់ ចំនួន៦នាក់ និងប៉ូលិសសីលធម៌របស់អ៊ីរ៉ង់ និងកម្លាំងស្ម័គ្រចិត្ត Basij ជុំវិញអ្វីដែលខ្លួនហៅថា “ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាន” ។

ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ បានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងតេហរ៉ង់ កាលពីថ្ងៃទី១៦ ខែកញ្ញា គឺប៉ុន្មានថ្ងៃបន្ទាប់ពីការដួលសន្លប់ របស់នាងនៅឯស្ថានីយ៍ប៉ូលសស ។ អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនផ្សេងទៀតថា “ញុះញង់ឱ្យមានកុប្បកម្ម និងគាំទ្រពួកភេរវករ” នៅក្នុងប្រទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top