ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី និងអ៊ុយក្រែន ជួបពិភាក្សាគ្នា ស្ដីពីការពង្រីកវិសាលភាព នៃកិច្ចព្រមព្រៀង គ្រាប់ធញ្ញជាតិ

អង់ការ៉ា ៖ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីតួកគី និង អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានពិភាក្សាអំពីការពង្រីកវិសាលភាព នៃកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ និងជម្លោះអ៊ុយក្រែន-រុស្ស៊ី តាមទូរស័ព្ទ។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់សមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ថា តួកគី បន្តធ្វើការឆ្ពោះទៅរកការ បំពេញតម្រូវការមនុស្សធម៌ របស់ប្រជាជនអ៊ុយក្រែននៅក្នុង “ខែរដូវរងាដ៏លំបាក” ខាងមុខនេះ ។

លោក Erdogan បានលើកឡើងថា “ច្រករបៀងគ្រាប់ធញ្ញជាតិ អាចត្រូវបានពង្រីក ដើម្បីរួមបញ្ចូលផលិតផលអាហារផ្សេងៗគ្នា និងទំនិញផ្សេងទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោកក៏បានសម្តែងក្តីសង្ឃឹមសម្រាប់ “ការឈានទៅរកដំណោះស្រាយ” ចំពោះបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។

លោក Erdogan បានប្រាប់សមភាគី អ៊ុយក្រែនរបស់លោកថា តួកគី បាននឹងកំពុងវាយតម្លៃ ការរួមចំណែក ដែលអាចធ្វើឡើងសម្រាប់ការអនុវត្តផែនការ សន្តិភាពដែលប្រកាស ដោយលោក ហ្សេឡិនស្គី នៅក្នុងកិច្ចប្រជុំកំពូល G20 ។

លោកបានបន្ថែមថា ស្ត្រីទីមួយតួកគី Emine Erdogan មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយក្រុមមនុស្សចំនួន ១០៣៣នាក់ ដែលមានកុមារកំព្រាជនជាតិ អ៊ុយក្រែន និងដៃគូរបស់ពួកគេ ដែលរៀបចំនៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top