ព័ត៌មានអន្តរជាតិ

ស៊ុយអែត មិនបញ្ជូនយន្តហោះចម្បាំង ទៅឱ្យអ៊ុយក្រែន នោះទេ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Pol Jonson បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ុយអែតមិនមានបំណង ផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំងទំនើប Saab JAS 39 Gripen របស់ខ្លួននោះទេ, ទីក្រុងគៀវ​ធ្លាប់​បាន​និយាយ​ថា ខ្លួន​ចង់​បាន​យន្តហោះ​ទំនើប​ ពី​អ្នក​គាំទ្រ​លោក​ខាង​លិច រួម​ទាំង​ពីទីក្រុង Stockholm ផង​ដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយសមភាគីអ៊ុយក្រែនលោក Aleksey Reznikov នៅទីក្រុង Odessa លោក Jonson ត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ ថាតើយន្តហោះចម្បាំង Gripen អាចត្រូវបានប្រើប្រាស់ ដោយរដ្ឋាភិបាលទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួនជាមួយ ទីក្រុងម៉ូស្គូដែរឬទេ។

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pol Jonson បាននិយាយថា “មិនមានផែនការដែលជិតមកដល់ សម្រាប់ការបញ្ជូនយន្ដហោះ Gripen ទៅអ៊ុយក្រែន នោះទេ។ ខ្ញុំ​ចង់​បញ្ជាក់ឱ្យច្បាស់អំពី​រឿង​នោះ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​ជា​យន្តហោះ​ដ៏​ល្អ​មួយ» គាត់​បាន​និយាយ​ដោយ​រំឭក​អ្នក​រាល់​គ្នា​ថា ប្រទេស​សហភាព​អឺរ៉ុប​មួយ​ចំនួន​ កំពុង​ប្រតិបត្តិការ​យន្តហោះ​ប្រភេទ​នេះ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top