ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការប្រកួតកីឡាបាល់ទាត់ ពានពិភពលោកកាតាឆ្នាំ២០២២ និយាយទេចំពោះការ លាបពណ៌ដោយចេតនាអាក្រក់ របស់លោកខាងលិច!

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ ពានពិភពលោកកាតាឆ្នាំ ២០២២ ដែលទទួលការចាប់អារម្មណ៍ យ៉ាងទួលំទូលាយពីសំណាក់អ្នកចូលចិត្ត កីឡាបាល់ទាត់នឹងធ្វើឡើងនៅសប្តាហ៍នេះ ។ ប្រព័ន្ធសារព័ត៌មានមួយចំនួន បានធ្វើការអត្ថាធិប្បាយថា ទីបំផុត ប្រព័ន្ធសារព័ត៌មានលោកខាងលិច បានផ្តោតសំខាន់ទៅលើការប្រកួតហើយ ។

ប្រាកដណាស់ ក្នុងរយៈពេលជាងកន្លះខែមក ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន ដូចជាប្រព័ន្ធសារព័ត៌មាន CNN និងកាសែត 《The Washington Post》 របស់អាមេរិកជាដើមបានចោទ ជាមន្ទិលសង្ស័យជាបន្តបន្ទាប់ ចំពោះអ្វីដែលហៅថា បញ្ហាពលកររបស់ប្រទេសកាតា ចំណែកក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេស BBC បានបដិសេធមិនព្រមផ្សាយបន្តផ្ទាល់ ពិធីបើកការប្រកួតកីឡាបាល់ទាត់ ពានពិភពលោកកាតា ។ល។

ប្រព័ន្ធសារព័ត៌មានលោកខាងលិចទាំងនេះ ដែលតែងតែឃោសនាបំប៉ាងពីអ្វីដែលហៅថា “សត្យានុម័តនិងអព្យាក្រឹត” មិនអើពើនឹងកិច្ចខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាពរបស់កាតា ក្នុងការរៀបចំការប្រកួតបាល់ទាត់ ពានពិភពលោក ក៏ដូចជាមិនអើពើនឹងកម្លាំងសាមគ្គីគ្នា និងខិតខំប្រឹងប្រែងដែលនាំមក ដោយកីឡាបាល់ទាត់ក្នុងបរិបទដែលស្ថានការណ៍ អន្តរជាតិមានភាពច្របូកច្របល់ ។ ផ្ទុយទៅវិញ ពួកគេកាន់ដំបងធំដែលធ្វើឱ្យកិច្ចការ កីឡាទៅជាបញ្ហានយោបាយ ហើយបានឈរនៅប៉ែកម្ខាង ដែលប្រឈមមុខនឹងអ្នកចូលចិត្ត កីឡាទូទាំងពិភពលោក ។

សូមបញ្ជាក់ថា កាតាគឺជាប្រទេសអារ៉ាប់ដំបូងគេបង្អស់ ដែលរៀបចំការប្រកួតកីឡាបាល់ទាត់ ពានពិភពលោក ។ យ៉ាងណាមិញ ចាប់តាំងពីខណៈពេលដែល ស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាបាល់ទាត់ពានពិភពលោកមក កាតាក៏បានទទួលរងការរិះគន់ ដោយគ្មានហេតុផលពីលោកខាងលិច ។ ទោះបីជារដ្ឋាភិបាលកាតា បានធ្វើការបំភ្លឺការពិតជាច្រើនលើកក៏ដោយ ក៏ប៉ុន្តែប្រព័ន្ធសារព័ត៌មានលោកខាងលិច មួយចំនួននៅតែធ្វើដូចជាមិន ឮមិនឃើញដដែល ។

គួររំលឹកថា ក្នុងប្រវត្តិសាស្ត្រកីឡាពិភពលោក ឧទាហរណ៍ស្រដៀងគ្នាបែបនេះ មិនមែនកម្រមាននោះទេ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុង Sochi ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងការប្រកួតកីឡាបាល់ទាត់ ពានពិភពលោកកាតា។ល។ ការសម្តែងរបស់ប្រព័ន្ធសារព័ត៌មាន លោកខាងលិចគឺស្ទើរតែដូចគ្នា នៅពីក្រោយពួកគេគឺទស្សនៈលំអៀង ខាងមនោគមវិជ្ជានិងការរើសអើងពូជសាសន៍ ចំពោះពិភពមិនមែនលោកខាងលិច ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងផ្នត់គំនិត របស់ខ្លួនជាយូរណាស់មកហើយ ។

លោក Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា បានថ្កោលទោសថា ការរិះគន់របស់ប្រព័ន្ធសារព័ត៌មាន លោកខាងលិចគឺជា “ការលាក់ពុត” ។ នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃក្រុមហ៊ុនវិទ្យុផ្សាយសំឡេង MSNBC របស់អាមេរិកបានចេញផ្សាយអត្ថបទថា បើនិយាយចំពោះលោកខាងលិច ការដែលមិនអាចទទួលយកភាពខ្លាំងក្លា របស់ជនជាតិផ្សេងទៀត គឺជារឿងគួរឱ្យសង្វេគ ហើយក៏ជាសញ្ញាកត់សម្គាល់ថា ខ្លួនបានដើរទៅកាន់ភាពថមថយចុះផងដែរ ។

អ្នកផងទាំងពួងចង់សួរថា ប្រសិនបើសហរដ្ឋអាមេរិក និងលោកខាងលិចយកចិត្តទុកដាក់ យ៉ាងពិតប្រាកដចំពោះសិទ្ធិមនុស្ស ដូចជាសិទ្ធិនិងផលប្រយោជន៍ របស់ពលករជាដើមនៃប្រទេសអារ៉ាប់ នោះ ហេតុអ្វីបានជាពួកគេបានបំផុសសង្គ្រាម និងបង្កគ្រោះមហន្តរាយខាងមនុស្សធម៌យ៉ាងខ្លាំង នៅតំបន់មជ្ឈិមបូព៌ាជាបន្យបន្ទាប់ ? សូមយកសង្គ្រាមអ៊ីរ៉ាក់ធ្វើជាឧទាហរណ៍ តាមស្ថិតិឱ្យដឹងថា ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០២១ សង្រ្គាមអ៊ីរ៉ាក់បានបណ្តាលឱ្យ ជនសាមញ្ញប្រហែល ២០ ម៉ឺន ៩ ពាន់នាក់ស្លាប់បាត់បង់ជីវិត ហើយប្រជាជនអ៊ីរ៉ាក់ចំនួន៩២០ ម៉ឺននាក់បានធ្លាក់ខ្លួនទៅជាជនភៀសខ្លួន ឬត្រូវបានបង្ខំឱ្យចាកចេញពី ស្រុកកំណើតរបស់ខ្លួន ។

គួរបញ្ជាក់ថា ការដែលប្រទេសកាតារៀបចំ ដោយជោគជ័យនូវការប្រកួតកីឡា លំដាប់កំពូលរបស់ពិភពលោកលើកនេះ បាននាំមកនូវភាពសប្បាយរីករាយ និងភាពអស្ចារ្យជូនដល់ពិភពលោកទាំងមូល ប្រការនេះជាសមិទ្ធផលដ៏អស្ចារ្យមួយ ។ ជាងនេះទៅទៀត ការប្រកួតកីឡាបាល់ទាត់ ពានពិភពលោកកាតាបានធ្វើឱ្យពិភពលោក អាចមើលឃើញប្រទេសអារ៉ាប់ ដ៏ពិតប្រាកដនិងសម្បូរបែប ក៏ដូចជាបានបំពេញបន្ថែម ថាមពលវិជ្ជមានដល់ពិភពលោកនាពេលបច្ចុប្បន្ន ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ។

សូមឲ្យបញ្ហាកីឡាត្រឡប់ទៅ រកក្របខណ្ឌកីឡាវិញ ការប្រកួតកីឡាបាល់ទាត់ ពានពិភពលោកកាតាមិនស្វាគមន៍ “អ្នកគាំពារសិទ្ធិមនុស្ស” លោកខាងលិចទេ ។ រាល់សំឡេងរំខាន និងឧបសគ្គនឹងមិនរារាំងដល់កម្លាំង ទាក់ទាញនៃកីឡាបាល់ទាត់នោះទេ ហើយមុខជានឹងផ្ទុយពីគោលបំណងរបស់ពួកគេ និងទទួលបរាជ័យទាំងស្រុងជាក់ជាមិនខាន ៕

To Top