ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម កែរបៀបរបបថ្មីជាមួយក្រុមហ៊ុនស៊ិនទ្រី ក្នុងការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាម

កំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចអនុវត្តវិធានការថ្មី ជាមួយក្រុមហ៊ុនស៊ីនទ្រី ក្នុងការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាម ឱ្យមានភាពប្រសើរឡើង ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តលើកទី ៤៣ អាណត្តិទី ៣ នៅសាលាខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា កន្លងមកតែងតែមានការលើកឡើង ពីសមាជិកក្រុមប្រឹក្សាខេត្ត ក៏ដូចជាពីប្រជាពលរដ្ឋ នៅក្នុងក្រុងកំពង់ចាម អំពីការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាមមានការយឺតយ៉ាវ របស់ក្រុមហ៊ុនស៊ីនទ្រី ដែលធ្វើឲ្យប៉ះពាល់ ដល់សោភ័ណភាពក្នុងក្រុង នឹងការរស់នៅ របស់ប្រជាពលរដ្ឋ ។ ដូច្នេះដើម្បីឲ្យការប្រមូលសំរាមនោះ មានភាពប្រសើរឡើង អាជ្ញាធរខេត្តបានសម្រេច និងធ្វើការសាកល្បងរយៈពេល ៦ ខែ ជាមួយក្រុមហ៊ុនស៊ីនទ្រី ដោយអនុញ្ញាតឲ្យប្រមូល សំរាមនៅក្នុងក្រុងកំពង់ចាម ទន្ទឹមនឹងនេះអាជ្ញាធរ ខេត្តបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន មួយទៀតប្រមូលចំណូលពីប្រជាពលរដ្ឋ ប្រគល់ឱ្យអាជ្ញាធរ ក្រុងកំពង់ចាម ទុកទូទាត់ថ្លៃសម្រាមជាមួយក្រុមហ៊ុន ស៉ីនទ្រី ដោយគិតជាគីឡូ គឺ ១តោន គិតឲ្យ ១៨ ដុល្លារ ដែលបច្ចុប្បន្នតម្លៃនេះ គឺ ខាងក្រុមហ៊ុននិងអាជ្ញាធរក្រុង កំពុងចរចាគ្នា ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការរៀបចំរបៀបរបបថ្មីដូចខាងលើ គឺសំដៅធ្វើឲ្យការប្រមូលសំរាម នៅក្នុងខេត្តកំពង់ចាម មានភាពប្រសើរជាងមុន ដោយហេតុថា តម្លៃនៃការប្រមូលសំរាម គឺថ្លឹងគីឡូគិតជាប្រាក់ ដូច្នេះខាងក្រុមហ៊ុនស៊ិនទ្រីចាំបាច់ ត្រូវតែប្រមូលសំរាមឲ្យបានច្រើន ដើម្បីបានចំណូល ច្រើនដែរ ។ ហើយការងារ ត្រូវធ្វើសាកល្បងរយៈពេល ៦ ខែ ប្រសិនបើក្រុមហ៊ុនស៊ីនទ្រី ធ្វើទៅបានជោគជ័យ អាជ្ញាធរខេត្តហ្នឹង ធ្វើកិច្ចសន្យាផ្ដល់ឱ្យវិញ។

ដោយឡែកតាមបណ្ដារស្រុកផ្សេងៗ គឺតម្រូវឲ្យក្រុមហ៊ុនស៊ីនទ្រី បន្តអនុវត្តប្រមូលសំរាមផង និងប្រមូលចំណូលដោយខ្លួនឯង គឺស្ថិតក្នុងការសាកល្បងរយៈពេល ៦ ខែដូចគ្នា។

លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា បញ្ហាសំរាមនេះ អាជ្ញាធរ អង្គភាពពាក់ព័ន្ធ គួរតែចលនា ដល់ក្រុមយុវជនយើង ឱ្យជួយប្រមូលសំរាម ពោលគឺ យើងធ្វើដូច្នេះ ក្នុងន័យដើម្បីបណ្ដុះគំនិត ដោយផ្ដើមចេញពីយុវជន បង្ហាញឲ្យប្រជាពលរដ្ឋរបស់យើង ចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជាសវាងការចោលសម្រាមពាសវាលពាក្យកាល ដែលធ្វើឲ្យបាត់បង់នៅសោភ័ណភាព ទីក្រុងរបស់យើងទាំងអស់គ្នា ៕

To Top