ព័ត៌មានជាតិ

ប.ស.ស. ពិភាក្សា និងអនុម័ត សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពង្រីកវិសាលភាព របបសន្ដិសុខសង្គម ផ្នែកហានិភ័យ ការងារ និងផ្នែកថែទាំសុខភាព

ភ្នំពេញ៖ សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុង វិស័យសាធារណៈ បន្ទាប់ពីប្រជុំត្រួតពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. រួចរាល់កន្លងមក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៉ិត​ សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី១៦ អាណត្តិទី១ បានលើកយកមកពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែម ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យមួយនេះ កាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម។

លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា៖ ការពង្រីកវិសាលភាពទៅលើរបបសន្តិសុខសង្គមទាំងពីរ ផ្នែកសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ តាមរយៈសេចក្តីព្រាងអនុក្រឹត្យមួយនេះ ជាការបំពេញបន្ថែម លើចំណុចខ្វះខាត ដែលមានចែងនៅក្នុងច្បាប់ ស្ដីពីរបបសន្ដិសុខសង្គម ដែលការពង្រីកវិសាលភាពនេះ មានសារៈសំខាន់ ក្នុងការផ្ដល់នូវការគាំពារ របបសន្ដិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស. ដល់មន្រ្តីនយោបាយគ្រប់ជាន់ថ្នាក់ គ្រប់និន្នាការនយោបាយ ដោយគ្មានការរើសអើងឡើយ ជាពិសេសនោះ គឺក្រុមប្រឹក្សារាជធានី​ ខេត្ត​ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្ដីភូមិ ដែលជាអ្នកផ្ដល់សេវា ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានដាក់សំណើដល់សមាជិក ក្រុមប្រឹក្សាភិបាលទាំងអស់ពិនិត្យ និងពិភាក្សា លើវិសាលភាពនៃសេចក្ដីព្រាង អនុក្រឹត្យនេះ និងបានរួមមតិសម្រេចអនុម័ត លើការពង្រីកវិសាលភាព ក្នុងការអនុវត្តចំពោះបុគ្គល ដែលស្ថិតនៅក្នុងវិស័យសាធារណៈ ដែលមានជាអាទិ៍៖

១). មន្ត្រីកម្រិតនយោបាយ ឬទីប្រឹក្សា ឬជំនួយការ ដែលមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ហើយមានតួនាទីឬឋានៈ ស្មើអនុរដ្ឋលេខាធិការឡើង ។ 

២). ទីប្រឹក្សា ឬជំនួយការដែលមានឋានៈ ចាប់ពីអគ្គនាយកចុះ ដែលទទួលស្គាល់ ដោយក្រសួងមុខងារសាធារណៈ និងមិនស្ថិតនៅក្រោមច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ 

៣). សិស្សមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល (៤). សិស្សសាលាភូមិន្ទចៅក្រម សិស្សសាលាភូមិន្ទក្រឡាបញ្ជី (៥).គរុនិស្សិត គរុសិស្សកំពុងទទួលការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។  

៦). មន្រ្តីសង្ឃដូចមានចែង ក្នុងអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្តីពីគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង ៧). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ។ដោយឡែកចំពោះទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំង ដោយពុំទទួលប្រាក់បំណាច់មុខងារ មិនស្ថិតនៅក្នុងវិសាលភាពនៃអនុក្រឹត្យនេះឡើយ។

បន្ទាប់ពីអង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែសម្រួលយ៉ាងយកចិត្តទុកដាក់ ពេញមួយព្រឹកកន្លងមកនេះ លោកបណ្ឌិតរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានសម្រេចឯកភាពអនុម័តទាំងស្រុង លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាព របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ដែលមាន៤ជំពូក៧មាត្រា និងរៀបចំដាក់ឆ្លងជូន ប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី១៦ អាណត្តិទី១ នៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ខាងលើប្រព្រឹត្តិទៅនៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. សរុបចំនួន ៩រូប និងសមាជិក សមាជិកាជាច្រើនរូប៕

To Top