ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ប្រាប់ទូតអូស្ដ្រាលីថា ១០ខែចុងក្រោយនេះ ការចុះបញ្ជីយានយន្ដអគ្គិសនីកើនឡើង

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ទូតអូស្ដ្រាលីថា ការចុះបញ្ជីយានយន្តអគ្គិសនីរយៈពេល ១០ខែចុងក្រោយ មានការកើនឡើងជាង ១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា នាថ្ងៃទី១៣ ធ្នូ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា អូស្ត្រាលី គឺជាអ្នកណែនាំកម្ពុជា ឱ្យបានដឹងអំពីយានយន្តប្រើប្រាស់ថាមពលអគ្គិសនី ក៏ដូចជា៖ ការជំរុញ និងលើកទឹកចិត្តការប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាសផែនដី។

លោកទេសរដ្ឋមន្ដ្រី បញ្ជាក់ថា «កំណើនការចុះបញ្ជីយានយន្តអគ្គិសនីក្នុងរយៈពេល ១០ខែចុងក្រោយ គឺមានការកើនឡើងជាង១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនី គួរឱ្យកត់សម្គាល់នៅកម្ពុជា»។

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញពីកិច្ចសហការកន្លងមក របស់រាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍នានា រួមមាន៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានផ្តល់ម៉ាស៊ីនបញ្ចូល ថាមពលយានយន្តអគ្គិសនីចំនួន ៤គ្រឿង, ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់នូវសម្ភារបរិក្ខារ ដំបូលសូឡា និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ ដំឡើងស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យ ដោយបំពាក់ម៉ាស៊ីនបញ្ចូល ថាមពលអគ្គិសនីចំនួន ៣គ្រឿង មានដៃបញ្ចូលថាមពលអគ្គិសនីចំនួន៦ មានទីតាំងស្ថិតក្នុងទីស្ដីការក្រសួង ដែលទើបបានប្រារព្ធពិធីសម្ពោធកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

ក្នុងឱកាសនេះដែរ លោក ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា កម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ (P4I) របស់រដ្ឋាភិបាលអូស្ត្រាលី គឺជាផ្នែកមួយនៃកញ្ចប់ជំនួយរួម លើការជំរុញឱ្យមានការស្តារឡើងវិញ នៅក្នុងតំបន់ពីជំងឺកូវីដ ១៩ តាមរយៈការអភិឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាព ហើយគំនិតផ្តួច P4I នេះ នឹងពង្រឹងបន្ថែម លើទំនាក់ទំនងរយៈពេល ៧០ឆ្នាំកម្ពុជា-អូស្ត្រាលី និងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងភាពធន់នៅកម្ពុជាផងដែរ។ តាមរយៈកម្មវិធី P4I នេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងអនុវត្តការធ្វើបច្ចុប្បន្នភាពស្តង់ដាផ្លូវថ្នល់ និងរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិលើការគ្រប់គ្រង សំណល់រាវនៅទូទាំងប្រទេស ៕

To Top