បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលថ្មីៗនេះ បានបង្ហាញនូវការគាំទ្រ ចំពោះប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃកូរ៉ូណាវីរុស ដែលមកទល់បច្ចុប្បន្ននេះ បានសម្លាប់មនុស្សជាង២០០នាក់ហើយ។
លោក គីម ជុងអ៊ុន បានបង្ហាញនូវអារម្មណ៍ ស្មោះត្រង់របស់លោកថា ចង់ចែករំលែកទុក្ខវេទនា របស់ប្រជាជនចិន និងចូលរួមផ្តល់ជំនួយសូម្បីតែបន្តិចបន្តួចក៏ដោយ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានកណ្ដាលផ្លូវការ របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ម្សិលមិញនេះ។
ក្រៅពីនេះ មេដឹកនាំកូរ៉េខាងជើង ក៏បានបង្ហាញនូវគារវកិច្ចចំពោះលោក ស៊ី ជីនពីង ស្របពេលលោកបង្ហាញ នូវការជឿជាក់ថា ប្រទេសចិននឹងទទួលបានភាព ជោគជ័យក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏សាហាវថ្មីនេះ។
ប្រែសម្រួល៖ ប៉ាង កុង