ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញ បំពេញការងាររយៈពេល ៥ថ្ងៃនៅតំបន់អឺរ៉ុប។
វត្តមានមន្ត្រីថ្នាក់ដឹកនាំជូនដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅអាកាសយានដ្ឋាន អន្តរជាតិទីក្រុងព្រុចសែល មានថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឯកអគ្គរាជទូតកម្ពុជាប្រចាំ នៅប្រទេសបែលហ្សិក និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀត។
សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញ មកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ នៅទីក្រុងព្រុចសែល។ ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនទៀតផងដែរ៕