បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររបស់រុស្ស៊ី បានផ្ទុកគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប Yars (ICBM) ចំនួន២ចូលទៅក្នុងឃ្លាំងមីស៊ីលនៅក្រោមដី ក្នុងសប្តាហ៍នេះ។ យោធារុស្ស៊ីបានបញ្ចេញវីដេអូនៃប្រតិបត្តិការផ្ទុកមីស៊ីលនោះផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ការបំពាក់អាវុធនុយក្លេអ៊ែរបានធ្វើឡើងនៅកន្លែងផលិតកាំជ្រួច Kozelsk នៅតំបន់ Kaluga ភាគកណ្តាលប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីបានកត់សម្គាល់ថា ការផ្ទុកមីស៊ីល ICBM ចូលទៅក្នុងឃ្លាំងអាវុធក្រោមដី គឺតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធដែលខិតខំប្រឹងប្រែង និងប្រតិបត្តិការដ៏លំបាកជាច្រើនម៉ោង។ យោងតាមរបាយការណ៍បានឱ្យដឹងថា មីស៊ីលត្រូវបានដាក់ចូលទៅក្នុងទីតាំងដែលគេគ្រោងទុកនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
មីស៊ីល RS-24 Yars មានប្រភពចេញពីការរចនា RT-2PM2 Topol-M ហើយអាចបាញ់ចេញពីឧបករណ៍បើកផ្លូវ ឬ ក៏ចេញពីក្រោមដី។
សូមជម្រាបថា បំរែបំរួលក្រោយគឺសំដៅជំនួសមីស៊ីល UR-100N ICBMs ចាស់ផលិតដោយសូវៀត ដែលជាផ្នែកនៃឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី។ មីស៊ីល Yars ICBM មានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើន និងមានចម្ងាយប្រតិបត្តិការប៉ាន់ស្មាន ១១.០០០ គីឡូម៉ែត្រ។
ប្រែសម្រួលៈ ណៃ តុលា