នយោបាយ

បទវិភាគ ៖ បណ្តាភាគីនានា គួរតែជំរុញ យ៉ាងសកម្មនូវ “គ្រាក្រុងប៉ារីស” ដើម្បីអភិរក្ស ជីវចម្រុះសកល

យប់ថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ ដំណាក់កាលទីពីរ នៃមហាសន្និបាត ភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥ ដែលបើកធ្វើនៅក្រុង Montreal ប្រទេសកាណាដា ដោយបានអំពាវនាវថា “ រួមគ្នាជំរុញការរួមរស់នៅ ជាមួយគ្នាប្រកបដោយភាព ចុះសម្រុងគ្នារវាងមនុស្ស និងធម្មជាតិ រួមគ្នាបង្កើត សហគមន៍រួមជីវិត របស់ភពផែនដី ក៏ដូចជារួមគ្នាកសាង ពិភពលោកដ៏ស្រស់ប្រិមប្រិយ ” ព្រមទាំងបានលើកឡើង នូវគំនិតផ្តួចផ្តើមបួនចំណុច ដើម្បីសម្រេចបាន នូវគោលដៅនេះ ។ នេះជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុត របស់ប្រទេសចិន ក្នុងនាមជាប្រទេស ប្រធានផ្លាស់វេននៃកិច្ចប្រជុំ COP15 ដើម្បីជំរុញអភិបាល កិច្ចជីវចម្រុះសកល ។

បច្ចុប្បន្ននេះ ជីវចម្រុះ ប្រឈមនឹង “វិបតិ្តនិងឱកាស” ។ ទីមួយគឺ “វិបតិ្ត” ក្នុងរយៈពេល១ រយឆ្នាំកន្លងមក សកម្មភាព របស់មនុស្សជាតិ បណ្តាលឱ្យ ល្បឿនផុត ពូជជីវសាស្រ្តលឿន ជាងការផុតពូជ ដោយធម្មជាតិលើសពី១០០ដង ។ លោក Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានលើកឡើងថា តាមការប៉ាន់ ប្រមាណ ដល់ឆ្នាំ២០៣០ ការថមថយចុះ នៃប្រព័ន្ធបរិស្ថានសកល នឹងបណ្តាល ឱ្យមានការខាតបង់ ចំនួន៣ទ្រីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។ ទីពីរគឺ “ឱកាស” ។ គោលដៅសំខាន់បំផុត របស់កិច្ចប្រជុំ COP15 គឺតាក់តែងនិងអនុម័ត “ក្របខ័ណ្ឌជីវចម្រុះសកល បន្ទាប់ពីឆ្នាំ២០២០ ” ។ បើសិនជាអាចសម្រេច បាន នោះនឹងបង្កើត “ឱកាសជាប្រវត្តិសាស្ត្រ” ក្នុងការកំណត់គោលដៅ និងមធ្យោបាយយ៉ាងច្បាស់លាស់ ដើម្បីការពារជីវចម្រុះក្នុងរយៈពេល១០ឆ្នាំ ឬកាន់តែយូរនៅពេលអនាគត ។

ក្នុងបរិបទបែបនេះ កិច្ចប្រជុំ COP15 បានធ្វើឡើងក្រោមប្រធានបទ “អរិយធម៌អេកូឡូស៊ី៖ រួមគ្នាកសាងសហគមន៍រួមជីវិតរបស់ភពផែនដី” ។ ថ្លែងក្នុងសុន្ទរកថា លើកនេះ លោក Xi Jinping បានអំពាវនាវថា ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមស្តីពីការអភិរក្សជីវចម្រុះ ជំរុញដំណើរសកល នៃការអភិរក្សជីវចម្រុះ ជំរុញការអភិវឌ្ឍបៃតង គាំពាររបៀបរៀបរយសកល នៃការអភិរក្សជីវចម្រុះប្រកប ដោយភាពយុត្តិធម៌ និងសមហេតុផល តាមរយៈការ អភិរក្សជីវចម្រុះ ។ គំនិតផ្តួចផ្តើមចំណុចទាំងបួននេះ បានកំណត់គោលដៅផង ហើយក៏មានមធ្យោបាយផង ដែលបានចង្អុលបង្ហាញ នូវទិសដៅ សម្រាប់ការគ្រប់គ្រងជីវចម្រុះសកល ។

ដើម្បីរួមគ្នាកសាងសហគមន៍រួមជីវិត របស់ភពផែនដី ប្រទេសចិន បានធ្វើសកម្មភាពយ៉ាងប្រាកដប្រជា ។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានក្លាយ ជាប្រទេស ដែលមានប្រភពធនធានព្រៃឈើកើន ឡើងច្រើនជាងគេ និងមានទំហំដីដាំដើមឈើ បង្កើតព្រៃសិប្បនិមិត្តធំ ជាងគេ នៅលើពិភពលោក ហើយបានក្លាយជាប្រទេស ដែលមាន “ទីក្រុងដីសើមអន្តរជាតិ”ច្រើនបំផុតនៅលើពិភពលោក ក្រៅពីនេះ ប្រទេសចិន ក៏បាននិងកំពុងបង្កើត ជាប្រព័ន្ធឧទ្យានជាតិធំ ជាងគេនៅលើពិភពលោកផងដែរ ។ល។ “ប្រការឈានមុខ”ទាំងនេះ ជាសាក្សីនៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ដើម្បីជំរុញកិច្ចកសាង អរិយធម៌អេកូឡូស៊ី និងការអភិរក្សាជីវចម្រុះ ។

ពេលវេលាមិនរង់ចាំពួកយើងទេ ។ ក្រោមកិច្ចសម្របសម្រួល និងជំរុញយ៉ាងសកម្មរបស់ប្រទេសចិន បណ្តាភាគីនានា គួរតែបង្ហាញការបេ្តជ្ញាចិត្ត និងកម្លាំងប្រតិបតិ្ត រួមគ្នាជំរុញការអនុម័ត “ក្របខ័ណ្ឌជីវចម្រុះសកលបន្ទាប់ពីឆ្នាំ២០២០ ” ដើម្បីនាំមកនូវ “គ្រាក្រុងប៉ារីស”ដល់ការអភិរក្សជីវចម្រុះសកល ក៏ដូចជាបង្កើតឱកាសដ៏ល្អប្រសើរ ដើម្បីរួមគ្នាបង្កើតសហគមន៍ រួមជីវិតរបស់ភពផែនដីផងដែរ ៕

To Top