គៀវ៖ ទីក្រុងគៀវ បានច្រានចោលការអត្ថាធិប្បាយ របស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger ដែលថា អ៊ុយក្រែន គួរតែស្វែងរកផែនការសន្តិភាព ដែលបានចរចាជាមួយរុស្ស៊ី ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចូលទៅក្នុង សង្រ្គាមលោកមួយផ្សេងទៀត។
លោក Kissinger បានសរសេរនៅក្នុង The Spectator ថា មេដឹកនាំអឺរ៉ុបានដើរទៅដេកលង់លក់ ចូលទៅក្នុងសង្រ្គាមលោកលើកទីមួយ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់។
ហើយសន្ធិសញ្ញា Versailles លោកបានសរសេរថា បានបន្សល់ទុកនូវរចនាសម្ព័ន្ធអំណាច ដែលផុយស្រួយជាងអ្វីដែលវាបានជំនួស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
សង្រ្គាមនៅតែបន្តអូសបន្លាយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ ហើយអ៊ុយក្រែនបានដាក់ពាក្យ ចូលរួមជាមួយណាតូ បន្ទាប់ពីរុស្ស៊ីបាន “បញ្ចូល” តំបន់ Luhansk, Donetsk, Zaporizhzhia និង Kherson ជាឧបសម្ព័ន្ធរបស់ខ្លួន។
លោក Kissinger បានសរសេរថា “ពេលវេលាកំពុងខិតជិតមកដល់ ដើម្បីកសាងលើការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត ដែលត្រូវបានសម្រេចរួចហើយ និងដើម្បីបញ្ចូលពួកវាទៅក្នុងរចនាសម្ព័ន្ធថ្មី ឆ្ពោះទៅរកការសម្រេចបាននូវ សន្តិភាពតាមរយៈការចរចា” ។
ទោះជាយ៉ាងនេះក្តី ដំណើរការសន្តិភាពគួរតែភ្ជាប់ អ៊ុយក្រែនជាមួយណាតូ ។ ជម្រើសនៃអព្យាក្រឹតភាព លែងមានន័យទៀតហើយ ជាពិសេសបន្ទាប់ពីហ្វាំងឡង់ និងស៊ុយអែត បានចូលរួមជាមួយណាតូ។
លោក Kissinger ដែលបានពង្រីកគោលនយោបាយនៃការឃុំខ្លួនរវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់នោះ នៅឆ្នាំនេះបានស្នើបទឈប់បាញ់មួយ ដែលរុស្ស៊ី នឹងដកថយពីសមរភូមិជួរមុខ មុនពេលការលុកលុយរបស់ខ្លួន ប៉ុន្តែថា ឧបទ្វីបគ្រីមៀ នឹងក្លាយជាមជ្ឈមណ្ឌលនៃ “ការចរចា” ៕
ប្រែសម្រួល ឈូក បូរ៉ា