ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន គាំទ្រគម្រោងកែច្នៃសំរាម ទៅជាថាមពល របស់ក្រុមហ៊ុនកូរ៉េនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាស​គាំទ្រចំពោះ គម្រោងកែច្នៃសំរាម ទៅជាថាមពល របស់ក្រុមហ៊ុនអេកូខាមរបស់កូរ៉េនៅប្រទេសកម្ពុជា។

បើតាមការឲ្យដឹងពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្រេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្រោយជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ជាមួយលោក ប៉ាក ហឹងឃ្យុង(Park Heung Kyeong) ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ថា លោក PARK Heung-Kyeong បានអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប បានយ៉ាងជោគជ័យ។

លើសពីនេះ លោក PARK Heung-Kyeong ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីរាជការ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ បានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ញ៉ាំងឱ្យបេសកកម្មការទូតរបស់លោក នៅកម្ពុជា ទទួលបានជោគជ័យ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើនឡើងថែមទៀត ជាពិសេសតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ទៅកាន់ប្រទេសកូរ៉េ និងការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េ មកកាន់កម្ពុជា, ការចូលជាធរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា និងជាពិសេស ដំណើរការឆ្លងនៃគម្រោងសាងសង់ស្ពានមិត្តភាពសាធារណរដ្ឋកូរ៉េ-កម្ពុជា ឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ ដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិក្សត្រ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក PARK Heung-Kyeong បានគោរពសុំការគាំទ្រអំពី សម្ដេចតេជោ ហ៊ុន សែន នូវគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខេម ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកអគ្គរដ្ឋទូត, និងរដ្ឋាភិបាលកូរ៉េ ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយបានសម្ដែងការរីករាយជាមួយនឹងសមិទ្ធផលធំៗដែលកម្ពុជាទទួលបានពីទំនាក់ទំនងល្អ កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍ថា ស្ពានមិត្តភាព កម្ពុជា-កូរ៉េ ជាសារបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា និងកូរ៉េ។

ចំពោះករណីគម្រោងកែច្នៃសំរាម ទៅជាថាមពលរបស់ក្រុមហ៊ុនអេកូខាមនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសម្ដែងនូវការគាំទ្រ ហើយបានជូនលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការងារជាបន្តជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាលារាជធានីភ្នំពេញផងដែរ៕

To Top