ព្រុចសែល៖ សមាជិកសហភាពអឺរ៉ុប បានយល់ព្រមកំណត់តម្លៃ ឧស្ម័នធម្មជាតិនៅក្នុងប្លុកនៅតម្លៃ ១៨០អឺរ៉ូ (១៩១ដុល្លារអាមេរិក) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង (MWh) ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពនៃ ការផ្គត់ផ្គង់ថាមពល។
លោក Jozef Sikela រដ្ឋមន្ត្រីទទួលបន្ទុកឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋឆេក ដែលធ្វើជាប្រធានកិច្ចប្រជុំនៃ រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប បានឲ្យដឹងថា “យើងបានគ្រប់គ្រងដើម្បីសម្រេចបាន នូវកិច្ចព្រមព្រៀងដ៏សំខាន់មួយ ស្តីពីការកំណត់តម្លៃសម្រាប់ឧស្ម័ន។ ដូច្នេះហើយអឺរ៉ុប នឹងមានកញ្ចប់នៃវិធានការ ដើម្បីជួយវារៀបចំ សម្រាប់រដូវរងារក្រោយ និងការពារប្រជាពលរដ្ឋ និងអាជីវកម្មពីការប្រែប្រួលតម្លៃយ៉ាងខ្លាំង” ។
លោក Kadri Simson ស្នងការអឺរ៉ុបទទួលបន្ទុក ថាមពលបានអត្ថាធិប្បាយថា “រដ្ឋមន្ត្រីបានចាត់វិធានការ យ៉ាងម៉ឺងម៉ាត់មួយផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពល ដោយការឈានដល់កិច្ចព្រមព្រៀង លើសំណើរបស់គណៈកម្មការ (អឺរ៉ុប) ស្តីពីយន្តការកែតម្រូវទីផ្សារ” ។
យន្តការកែតម្រូវទីផ្សារនឹង ដំណើរការដោយស្វ័យប្រវត្តិ ប្រសិនបើតម្លៃនៅខែខាងមុខនៅលើ Dutch Title Transfer Facility (TTF) ដែលជាស្តង់ដារសំខាន់សម្រាប់ តម្លៃហ្គាសលក់ដុំនៅអឺរ៉ុបលើសពី ១៨០ អឺរ៉ូក្នុងមួយ MWh សម្រាប់រយៈពេលបីថ្ងៃធ្វើការ ហើយប្រសិនបើខែខាងមុខ តម្លៃ TTF គឺ ៣៥ អឺរ៉ូខ្ពស់ជាងតម្លៃយោង សម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) នៅលើទីផ្សារពិភពលោក សម្រាប់រយៈពេលបីថ្ងៃធ្វើការដូចគ្នា។
យន្តការផ្អាកត្រូវបានដាក់ឱ្យ ដំណើរការដើម្បីធានាថា អឺរ៉ុប នៅតែទាក់ទាញអ្នកផ្គត់ផ្គង់ឧស្ម័ន ហើយឧស្ម័នគ្រប់គ្រាន់ ត្រូវបានផ្គត់ផ្គង់ដល់រដ្ឋអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានឲ្យដឹងថា “យន្តការកែតម្រូវទីផ្សារនឹងត្រូវបានផ្អាក ជាពិសេសប្រសិនបើតម្រូវការឧស្ម័នកើនឡើង ១៥ភាគរយ ក្នុងមួយខែ ឬ ១០ភាគរយ ក្នុងរយៈពេលពីរខែ ការនាំចូល LNG ថយចុះយ៉ាងខ្លាំង ឬបរិមាណជួញដូរនៅលើ TTF ធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន” ៕
ប្រែសម្រួល ឈូក បូរ៉ា