ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា វាយតម្លៃខ្ពស់ លេីលទ្ធផលមហាសន្និបាត អន្តរសភាអាស៊ាន (AIPA)លើកទី៤៣

ភ្នំពេញ ៖ រដ្ឋសភាបានវាយតម្លៃខ្ពស់ ពីលទ្ធផលមហាសន្និបាត អន្តរសភាអាស៊ាន (AIPA)លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាលពីចុងខែវិច្ឆិកាកន្លងមកនេះ ។ ​

សម្ដេច​ ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីត្រួតពិនិត្យលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋសភាបានអនុវត្តនាពេលកន្លងមក ។

នៅក្នុងកិច្ចប្រជុំនេះ បានធ្វើការបូកសរុបលទ្ធផល និងវាយតម្លៃលើការងាររៀបចំមហាសន្និបាត អន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) ដែលសភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកាកន្លងមកថា ទទួលបានជោគជ័យធំធេង នាំមកនូវកិត្យានុភាព ជូនជាតិមាតុភូមិ នៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងវិស័យការទូត សភាកម្ពុជា នៅលើឆាកអន្តរជាតិក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសភា នានាទាំងកម្រិតទ្វេភាគី និងពហុភាគីឱ្យកាន់តែទូលំទូលាយ គ្រប់ជ្រុងជ្រោយឡើង ។

មហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធធ្វើឡើងពីថ្ងៃទី២០ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ “បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់” ដែលជាមូលបទឆ្លើយតប សភាពការណ៍ជាក់ស្តែងក្នុងតំបន់ និងសកលលោក ក្រោយការរាតត្បាតជំងឺកូវីដ-១៩ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង ជាប្រធានមហាសន្និបាត អាយប៉ាលើកទី៤៣ បានថ្លែង អំណរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះ បាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបានអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

សម្តេចបានអរគុណ ចំពោះថ្នាក់ដឹកនាំរដ្ឋសភា អគ្គលេខាធិការដ្ឋសភា មន្រ្តីរាជការ ព្រមទាំងក្រសួង និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញ ការងារលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី បម្រើដល់មហា សន្និបាតឱ្យទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់៕

To Top