ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ខេត្តតំបន់ឆ្នេរ

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍ វិស័យទេសចរណ៍ ខេត្តតំបន់ឆ្នេរ ក្នុងនោះ ខេត្តកែប ត្រូវបានកំណត់ជាគោលដៅ ទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត។

ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំ ឆ្នាំ២០២២ និង លើកទិសដៅបន្តសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកែប នាថ្ងៃទី២១ ធ្នូ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តតំបន់ឆ្នេរដោយក្នុងនោះ ខេត្តកែបត្រូវបានកំណត់ ជាគោលដៅទីក្រុងទេសចរណ៍ លំដាប់ខ្ពស់ និងប្រណីត ។ ដើម្បីសម្រេចគោលដៅ យុទ្ធសាស្ត្រនេះ យើងទាំងអស់គ្នា ជាមន្ត្រីជំនាញបច្ចេកទេសចាំបាច់ ត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់» ។

លោក ក៏បានកោតសរសើរ ពីសមិទ្ធិផលដែលសម្រេចបាន ដោយមន្ទីរបរិស្ថានខេត្តកែប ដែលជាការរួមចំណែកធ្វើឱ្យខេត្តកែបមានសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនឡើង និងមានផាសុកភាព និងផ្តល់នូវរបៀបរស់នៅ ប្រកបដោយគុណភាព និងការប្រកួតប្រជែងក្នុងការ ផ្តល់សេវាល្អដល់ភ្ញៀវទេសចរ ។

លោករដ្ឋលេខាធិការ បានលើកឡើងថា សមិទ្ធិផលក្នុងវិស័យបរិស្ថាន សម្រាប់ខេត្តកែប កើតចេញពីការខិតខំប្រឹងប្រែងរបស់ មន្ត្រីទាំងអស់ ដែលបានប្រមូលផ្តុំកម្លាំងសាមគ្គីភាព ក្នុងបុព្វហេតុ នៃការចូលរួមគាំទ្រ និងលើកកម្ពស់កិច្ចគាំពារ វិស័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ក្នុងការធ្វើឱ្យសម្រេច បាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

To Top