ព័ត៌មានជាតិ

ម្ចាស់ស្នាដៃកំណាព្យរឿង «ម្ចាស់ជីវិត» ជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍៧មករា ស្នើសុំសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយបោះពុម្ពផ្សាយ

ភ្នំពេញ៖ ម្ចាស់ស្នាដៃកំណាព្យរឿង «ម្ចាស់ជីវិត» ជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍៧មករា ស្នើសុំសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជួយបោះពុម្ពផ្សាយ។​

លោក សំ សុភារិន្ទ ជាអ្នកនិពន្ធម្ចាស់ជ័យលាភីពី មហោស្រពប្រលងតែងនិពន្ធនានាជាច្រើនលើក ដូចជាពានរង្វាន់ព្រះបាទសុរាម្រឹត របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពានរង្វាន់អក្សរសិល្ប៍៧មករា និងពានរង្វាន់ព្រះសីហនុរាជ របស់សមាគមអ្នកនិពន្ធខ្មែរជាដើម ។ ពេលនេះលោកចង់បោះពុម្ពផ្សាយស្នាដៃកំណាព្យរឿង»ម្ចាស់ជីវិត» ជ័យលាភីលេខ១ ពានរង្វាន់អក្សរសិល្ប៍៧មករា ដោយពឹងលើការឧបត្ថម្ភ ជ្រោមជ្រែងពីសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ។

ម្ចាស់ជីវិតគឺជាស្នាដៃកំណាព្យរឿងរបស់យុវជនសំ សុភារិន្ទ ពីស្រុកត្រាំកក់ ខេត្តតាកែវ ដាក់ចូលរួមប្រលងក្នុង មហោស្រពអក្សរសិល្ប៍៧មករា ឆ្នាំ២០០៩ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ ទទួលបានជ័យលាភីលេខ១ ក្នុងចំណោមស្នាដៃចូលរួមជាច្រើនពីទូទាំងប្រទេស ។ មានកិត្តិយស និងក្ដីរីករាយចំពោះការទទួលបានជ័យលាភីនេះ តែលោកសុភារិន្ទ ហាក់ស្ដោកស្ដាយដែលស្នាដៃ របស់លោកមិនបានបោះពុម្ពផ្សាយតាំងពី អំឡុងពេលទទួលជ័យលាភី រហូតមកទល់ពេលបច្ចុប្បន្ននេះ ។ ដោយមិនមានលទ្ធភាព លោកចង់បានការជ្រោមជ្រែងគាំទ្រ ដើម្បីអោយស្នាដៃនេះចេញជារូបរាងបាន ។

នាពេលថ្មីៗកន្លងមកអ្នកនិពន្ធ សំ សុភារិន្ទ បាននិយាយថា «ម្ចាស់ជីវិតគឺជាស្នាដៃអក្សរសិល្ប៍ ដំបូងបង្អស់របស់ខ្ញុំដែលទទួលបាន ជ័យលាភីលេខ១ ពីមហោស្រពអក្សរសិល្ប៍ដ៏ធំមួយ គឺមហោស្រពអក្សរសិល្ប៍៧មករា ។ ខ្ញុំមានមោទននភាពណាស់ ចំពោះការធ្វើបានបែបនេះ ។ តែខ្ញុំសោកស្ដាយដែលស្នាដៃនេះ នៅកប់អស់ពេលជាច្រើនឆ្នាំ ហើយវានឹងបន្តទៅទៀតបើមិនមាន ការជួយជ្រោមជ្រែងបោះពុម្ពផ្សាយ ។ ដូច្នេះហើយខ្ញុំសូមស្នើសុំពី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីសម្រេចបំណងមួយនេះ ។ ខ្ញុំបាទសង្ឃឹមថាសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនឹង ជួយគាំទ្របំណងមួយនេះមិនខាន» ។

ការបោះពុម្ពផ្សាយកំណាព្យរឿងម្ចាស់ជីវិត ដើម្បីរួមចំណែកលើកតម្កើង ក្នុងវិស័យអក្សរសិល្ប៍ជាតិផង និងដើម្បីផ្សព្វផ្សាយសោយឡែក ចំពោះស្នាដៃអក្សរសិល្ប៍ដែលប្រសូតចេញ ពីពានរង្វាន់អក្សរសិល្ប៍៧មករាផង ។ លោកអាចទាក់ទងបានតាមរយៈលេខទូរស័ព្ទ និងតេឡេក្រាម០១២៧៥៥៤១៩ ។

បើតាមរបាយការណ៍គណៈកម្មការ មហោស្រពតែងនិពន្ធអក្សរសិល្ប៍ពានរង្វាន់ «៧ មករា» ១៩៩៩ គណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃ ឃើញស្នាដៃជាច្រើនលេចធ្លោ ហើយល្អដាច់គេ ដូចជាអត្ថបទរឿង«ម្ចាស់ជីវិត» របស់លោកសំ សុភារិន្ទ រស់នៅភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ សរសេរបានល្អទាំងអត្ថរូប អត្ថន័យ និងអត្ថរស ។

ខ្លឹមសារនៃកំណាព្យគឺនិយាយពី យុវជនម្នាក់ដែលមានកំហឹងឈឺចាប់ ចំពោះរបបប្រល័យពូជសាសន៍ប៉ុល ពត ស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ព ដើម្បីទប់ស្កាត់ការវិលត្រឡប់ របស់របបបិសាចនេះ ។ សាច់រឿងក៏បានឆ្លុះបញ្ចាំង ពីភក្ដីភាពរបស់នារីខ្មែរម្នាក់ ដែលឳពុកបានរត់ភៀសខ្លួនចោល ស្រុកកំណើតទៅរស់នៅសហរដ្ឋអាមេរិក ហើយបានត្រឡប់មកបង្ខំអោយកូនទៅ រៀបការជាមួយអាណិកជនខ្មែរម្នាក់ តែនារីជាកូនពុំព្រម ។ នាងសុខចិត្តស្លាប់បើមិនបានយុវជន ជាកងទ័ពដែលនាងស្រលាញ់នោះធ្វើជាគូគាប់ ។ ចំណុចដែលល្អ គឺការតស៊ូ និងភក្ដីភាពរបស់នារីខ្មែរចំពោះគូសង្សារ ដែលនាងយល់ឃើញជាអ្នកដែល ខិតខំការពារទឹកដី និងប្រជាជាតិ» ។

លោក សំ សុភារិន្ទ មានស្នាដៃអក្សរសិល្ប៍មួយចំនួន បានចេញផ្សាយរួចមកហើយ ដូចជារឿងអាសូរស្ងួន ជាដើម ។ បច្ចុប្បន្នលោកក៏ជាអ្នកសារព័ត៌មានផងដែរ ៕

To Top