ព័ត៌មានអន្តរជាតិ

ចិនសង់មន្ទីរពេទ្យហើយអំឡុងពេល១០ថ្ងៃ ខណៈអ្នកស្លាប់ដោយសារ ជំងឺរលាកសួត កើនដល់ ៣៦១នាក់

វូហាន៖ ប្រទេសចិនបានសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នក្នុងរយៈពេល ១០ ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងថ្មីនៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះវីរុស នៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន ក្នុងពេលដែលអ្នកស្លាប់ដោយសារជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយវីរុសកូរ៉ូណាវីរុស កើនដល់ ៣៦១នាក់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពេទ្យ Huoshenshan (ភ្នំភ្លើងព្រះ) បានរួចរាល់កាលពីថ្ងៃអាទិត្យនៅទីក្រុង វូហាន ដើម្បីព្យាបាលអ្នកជំងឺដែលឆ្លងវីរុសថ្មីនេះ។

បុគ្គលិកពេទ្យសរុបចំនួន ១.៤០០ នាក់ មកពីកងកម្លាំងប្រដាប់អាវុធមានភារកិច្ចព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ Huoshenshan ចាប់ពីថ្ងៃច័ន្ទ។ ក្រុមគ្រូពេទ្យចំនួន ៩៥០ នាក់ មកពីមន្ទីរពេទ្យដែលមានទំនាក់ទំនងជាមួយកងកំលាំងដឹកជញ្ជូនភស្តុភារ រួមគ្នារបស់កងទ័ពប្រជាជន និង ៤៥០ នាក់មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រនៃកងទ័ពជើងទឹកនិងកងទ័ពអាកាសរបស់កងកម្លាំងរំដោះប្រជាជនចិន PLA ដែលត្រូវបានបញ្ជូនទៅទីក្រុងវូហាន។

ចម្លងគំរូនៃការព្យាបាលជំងឺ SARS របស់ទីក្រុងប៉េកាំងក្នុងឆ្នាំ ២០០៣ ក្រុងវូហាន បានចាប់ផ្តើមសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នចំនួន ២ គឺ Leishenshan (ភ្នំរន្ទះព្រះ) និង Huoshenshan ។ នៅថ្ងៃទី ២៣ ខែមករា កម្មករបានបើកការដ្ឋាននៅមន្ទីរពេទ្យ Huoshenshan ដែលមានគ្រែចំនួន ១.០០០ គ្រែ៕

ប្រែសម្រួលៈ ណៃ តុលា

To Top