ព័ត៌មានជាតិ

ថវិកា ជាង៨ម៉ឺនដុល្លារ ត្រូវបានក្រសួងវប្បធម៌នាំជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការ ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូនាំយកថវិកាចំនួន ៨២,៧០៣ដុល្លាអាមេរិក ដែលបានមកពីការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មកប្រគល់ជូនលោក Dr. DENIS LAURENT អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា។

លោកស្រី បានមានប្រសាសន៍ផងដែរថា នេះគឺជាចូលរួមចំណែកតូចមួយ ក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះថាមន្ទីរពេទ្យត្រូវចំណាយ ថវិកាជាច្រើនក្នុងការពិនិត្យ ព្យាបាលជូនកុមារកម្ពុជា ដែលមានជំងឺដោយឥតគិតថ្លៃ។

នាឱកាសនេះផងដែរលោកស្រីរដ្ឋមន្រ្តី ក៏បានរំលឹកនូវគុណូបការៈរបស់លោកវេជ្ជបណ្ឌិត Beat Richner និងវេជ្ជបណ្ឌិត Peter Studer ស្ថាបនិកនៃមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩២មក ហើយលោកស្រីក៏បានធ្វើទស្សនកិច្ច ស្វែងយល់អំពីដំណើ រការនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខកុមារ ដែលមានជំងឺបេះដូង ដែលបានវះកាត់រួច និងទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។

ជាចុងក្រោយលោកអគ្គនាយក DENIS LAURENT តាំងនាមឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ភឿង សកុណា ថ្នាក់ដឹកនាំ មន្រ្តីរាជការលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលះបង់កំលាំងកាយចិត្ត ស្មារតី ពេលវេលា ក្នុងការរៀបចំព្រឹត្តិការណ៍ “រាត្រីសមោសរសប្បុរសធម៌” នៅខេត្តសៀមរាប ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕

To Top