នយោបាយ

Full Story ៖ សម្តេចតេជោប្រកាសថានឹង ទៅសួរសុខទុក្ខ និស្សិតខ្មែរនៅវូហាន ឲ្យតែភាគីចិនអនុញ្ញាត

ភ្នំពេញ ៖ ឆ្លើយតបនឹងមតិលើកឡើងមួយចំនួនដែលបានឌឺដងមកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលជំរុញឲ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន ជាទីដែលផ្ទុកមេរោគជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណានោះ សម្តេចបានប្រកាសថា នឹងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ។

គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺប្រភេទថ្មីនេះដែលបានរីករាលដាលចាប់ផ្តើមចេញពីទីក្រុងវូហាន នៃខេត្តហ៊ូប៉ី បានសម្លាប់មនុស្សជាង៣៦០នាក់ ។

សម្តេចតេជោក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅកូរ៉េ នៅថ្ងៃទី៣ កុម្ភៈថា “មានអ្នកឌឺឲ្យខ្ញុំរឿងពាក់ម៉ាស់ ឲ្យខ្ញុំទៅសួរសុខទុក្ខពលរដ្ឋខ្មែរនៅវូហាន ។ ខ្ញុំនឹងទៅប្រសិនរដ្ឋាភិបាលចិនអនុញ្ញាត ។ ហែងកុំឌឺជាមួយហ៊ុន សែន ។ ហ៊ុន សែន ហ៊ានប្រយុទ្ធជាមួយសង្គ្រាម និងយកជីវិតជាដើមទុន រឿងអីហ៊ុន សែន មិនហ៊ានទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវូហាន។ ឲ្យតែរដ្ឋាភិបាលចិនអូខេ ធ្វើពួកហ្នឹងវាដឹងហ៊ុន សែន ម្តង។ ខ្ញុំសម្រេចចិត្តមិនបញ្ចប់ជើងហោះហើរជាមួយចិនទេ” ។

សម្តេចបានផ្តាំផ្ញើទៀតថា ដូច្នេះកុំមកឌឺជាមួយហ៊ុន សែន “គឺអញនឹងទៅ” ។

នាយករដ្ឋមន្រ្តីបញ្ជាក់ថា បើមិនចឹងទេ ចប់កិច្ចការងារនៅកូរ៉េគឺសម្តេចអាចទៅសួរសុខទុក្ខតែម្តង ។ សម្តេចបានឲ្យមន្រ្តីទំនាក់ទំនងទៅភាគីចិន អំពីការសួរសុខទុក្ខនេះ។

សម្តេចតេជោបានឲ្យអាកាសចរណ៍ខ្មែរបញ្ជាក់ទៅភាគិចិនអំពីការហោះហើរនេះ គឺថាគ្មានបិទអ្វីទាំងអស់ ព្រោះតំបន់វូហានបានដាក់ឲ្យស្ថិតនៅតំបន់ឯកោហើយ ដោយសារបានផ្តាច់ការហោះហើរ និងរថយន្តភ្លើងគ្រប់យ៉ាង។ ដូច្នេះបើគេការពារបែបនេះ ចឹងតំបន់នេះពិតជាមានសុវត្ថិភាព ។

នាយករដ្ឋមន្រ្តីបន្តថា តើពលរដ្ឋខ្មែរណាម្នាក់មានអ្នកឆ្លងវីរុសកូរ៉ូណាហើយឬនៅ? គឺមានតែជនជាតិចិនម្នាក់ទេ ដែលឆ្លងហើយកំពុងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យខ្មែរ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកប្រឆាំងគួរតែពិចារណាឲ្យដិតដល់មុននឹងធ្វើការប្រឆាំង ជាក់ស្តែងអ្នកនៅកូរ៉េដែលបានចូលរួមធ្វើបាតុកម្មមានអ្នកស្រែកថា សម្តេចតេជោ គ្រោះថ្នាក់ជាងវីរុសកូរ៉ូណាទៀត ៕

To Top