ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការរំលឹកឡើងវិញ អំពីទំនាក់ទំនង ផ្នែកការទូត ជាមួយកូរ៉េទាំង២ គឺខាងត្បូង និងខាងជើង ដែលមានការលេចអណ្តែតៗ ជាមួយគ្នា ប៉ុន្តែមកដល់បច្ចុប្បន្ន ទំនាក់ទំនងជាមួយកូរ៉េទាំង២ មានល្បឿនលឿន ពោលគឺមាន ភាពល្អប្រសើរ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិត និងពលករខ្មែរនៅកូរ៉េខាងត្បូង នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោបានថ្លែងថា ទំនាក់ទំនងកម្ពុជា-កូរ៉េ បានឆ្លងកាត់ការលេចអណ្តែតៗ រវាងកូរ៉េខាងជើងនិងខាងត្បូង។ ដោយសារបញ្ហានេះ សម្តេចបានខិតខំ ប្រឹងប្រែងឲ្យមាន ទំនាក់ទំនង ជាមួយកូរ៉េទាំង២ ឡើងវិញ។
សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញថា នៅពេលកម្ពុជាចូល ជាសមាជិកអង្គការ សហប្រជាជាតិ នៅអំឡុងឆ្នាំ១៩៩០ ពេលនោះ កូរ៉េទាំង២ក៏ចូលដែរ។ តែមានការហាមឃាត់ មិនឲ្យមានទំនាក់ទំនង ជាមួយកូរ៉េទាំង២ទៅវិញ ។
ប៉ុន្តែសម្តេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានវិញ្ញាសារល្អ ជាមួយកូរ៉េ ក្នុងរយៈពេល២០ឆ្នាំមកនេះ ដោយមិនមានអ្វី ជាការប្រេះឆាទេ ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា “មកដល់ពេលនេះ យើងបានឆ្លងកាត់វិញ្ញាសារល្អ អ្វីដែលជាភាពអាក្រក់ ក្នុងរយៈកាលជាង២០ឆ្នាំ នៃទំនាក់ទំនង ការទូតជាមួយគ្នានេះ មិនមានអ្វីជាស្នាម ប្រេះឆានោះទេ សម្រាប់យើង ។ នៅពេលនោះ មានចរន្តភ័យខ្លាចថា កូរ៉េខាងជើងមានការខឹងសម្បារ ក្នុងពេលកម្ពុជា មានទំនាក់ទំនង ជាមួយកូរ៉េខាងត្បូង ក៏ប៉ុន្តែបើចាប់កម្ពុជា គ្រាន់តែធ្វើជាមិត្ត ជាមួយកូរ៉េខាងជើង ក្នុងពេលដែលកូរ៉េខ្លួនឯង ទទួលស្គាល់ថា មានប្រទេស២ តើវាយុត្តិធម៌ទេ សម្រាប់នយោបាយ ការបរទេស កម្ពុជាដែលសម្រេចទៅលើ ស្មារតីឯករាជ្យ របស់ខ្លួន” ។
ជាមួយគ្នានេះដែរ សម្តេចតេជោបន្តថា ទំនាក់ទំនងជាមួយកូរ៉េ សល់ពីអតីតព្រះមហាក្សត្រ គឺបានបន្សល់ភាគជោគជ័យ យ៉ាងធំធេងផងដែរ ។
ទន្ទឹងនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅចំពោះមុខពលរដ្ឋ និងនិស្សិតខ្មែរកំពុងស្នាក់នៅ និងសិក្សាទៀតថា សម្តេចគឺជាបុគ្គល ជោគជ័យនៅក្នុងនយោបាយ របស់កូរ៉េផងដែរ ។
ក្នុងឱកាសនោះសម្តេចតេជោ បានលើកឡើងថា កម្ពុជាគឺជាដន្លងនឹងគ្នា ជាមួយកូរ៉េ ដោយសារស្រ្តីខ្មែរ រៀបការជាមួយបុរស កូរ៉េមានចំនួនច្រើន ។
សម្តេចនាយក រដ្ឋមន្រ្តីកម្ពុជា ក៏បានរំលឹកដែរ មានអ្នកខ្លះចោទសម្តេចថា ដឹកនាំប្រទេសឲ្យធ្វើ ឲ្យពលរដ្ឋមកធ្វើ ជាអ្នកបំរើបរទេស ប៉ុន្តែបើមិនចង់ឲ្យធ្វើខ្ញុំគេ គឺស្រួលជាទីបំផុត គឺសម្តេចនឹងបញ្ចប់ កិច្ចព្រមព្រៀង ក្នុងការបញ្ជូនពលករខ្មែរ មកធ្វើនៅក្រៅទេស ។
ប៉ុន្តែសម្តេចតេជោថា សម្តេចមិនធ្វើបែបនេះទេ ព្រោះបើលុបកិច្ចព្រមព្រៀង អំពីការបញ្ចូនពលករ មកធ្វើនៅបរទេស អ្នកខូចខាតគឺពលករទេ ។
សម្តេចនាយក រដ្ឋមន្រ្តីឲ្យដឹងទៀតថា ក្នុងមួយឆ្នាំៗពលករធ្វើនៅកូរ៉េ បញ្ជូនថវិកា ទៅក្រុមគ្រួសារមានជាង ៤០០លានដុល្លារ។
បើតាមរបាយការណ៍ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង នៅឆ្នាំ២០១៩ មាន១៣២លាន ក្នុងនោះ កម្ពុជានាំចេញ មកកូរ៉េ៣៣៥លាន ឯកម្ពុជា នាំចូលពីកូរ៉េ មានចំនួន៦៩៦លាន ៕