ព័ត៌មានអន្តរជាតិ

បើកបវេសនកាល ឆ្នាំសិក្សា២០២២ -២០២៣ និងប្រគល់ប័ណ្ណសរសើរដល់និស្សិតពូកែ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម

កំពង់ចាម៖ និស្សិតជ័យលាភី លេខ១ លេខ២ និង លេខ៣  ដែលបានបញ្ចប់ការសិក្សាប្រចាំឆ្នាសិក្សា២០២១ – ២០២២ កន្លងមក ត្រូវបានទទួលប័ណ្ណសរសើរ នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងពេលបើកបវេសនកាលឆ្នាំសិក្សា ២០២២ -២០២៣ រៀបចំដោយសាខាសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក បណ្ឌិត ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមប្រឹក្សាភិបាល និង លោកបណ្ឌិត ទុន ភក្តី ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។

លោក មួន វាសនា ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការរង សាខាសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម បានយកឱកាសនោះ ផ្ដាំផ្ញើជូនដល់និស្សិតជ័យលាភី ពីទឹកចិត្ត ក្នុងនាមជាឪពុកម្ដាយ ដូច្នេះថា កូនៗនិស្សិតជាទីស្រលាញ់ស្មើនឹងកែវភ្នែករបស់ពុក និងម៉ែ! ក្នុងឱកាសដែលកូនទទួលបានប័ណ្ណសរសើរ នាថ្ងៃនេះ កូនៗនិស្សិត ត្រូវនឹកឃើញថា ទម្រាំនឹងកូនៗនិស្សិតមានថ្ងៃនេះ ឳពុកនិងម្តាយ របស់កូនបានចំណាយពេលវេលាច្រើនលើសលប់ នៅក្នុងឆាកជីវិតរបស់អ្នកមានគុណទាំងទ្វេ ទម្រាំនឹងអាច បណ្តុះទឹកចិត្តឱ្យកូនក្លាហាន បន្តការសិក្សា រហូតដល់បានទទួលប័ណ្ណសរសើរ ចំណាត់ថ្នាក់ជានិស្សិតពូកែរបស់ សាកលវិទ្យាល័យនាថ្ងៃនេះ ! កូនៗនិស្សិតត្រូវចងចាំថា ក្នុងចំណោមយុវជនរាប់រយលាននាក់ នៅលើភពផែនដីនេះ តែមិនមានយុវជន ច្រើនលាននាក់ទេ ដែលបានទទួលប័ណ្ណសរសើរជានិស្សិតពូកែដូចកូនៗ តួយ៉ាថ្ងៃនេះក្នុងចំណោមនិស្សិតពូកែថ្ងៃនេះ គឺមានកូនពុក និងម៉ែ១នាក់ដែរ ។

កូនជាទីស្រលាញ់ គ្មានអ្វីជាអំណោយជាមាសប្រាក់ ទ្បានទំនើប ហើយសូម្បីតែបាច់ផ្កាដ៏ស្រស់ស្អាតដែលចង់ឱ្យកូន ក៏ពុកនិងម៉ែពុំបានមកលើកទឹកចិត្ត ឬផ្តល់ឱ្យកូនដោយផ្ទាល់ តែឳពុកនិងម៉ែ មានបាច់ផ្កា នៅក្នុងបេះដូងដ៏ស្រស់ថ្លា ជាពាក្យពេចន៍បន្តិចបន្តួចទុកជាគតិ ជាប្រទីបបំភ្លឺផ្លូវកូន ទៅថ្ងៃអនាគត! ជាភ័ព្វព្រេងសំណាងរបស់កូនណាស់ ដែលកូនបានកើតរស់ និងបានរៀននាយុគសម័យសម្តេចតេជោ ហ៊ុន សែន ដែលមានសន្តិភាពពេញលេញ ដែលបានផ្តល់ឱកាសឱ្យកូន បានរៀនខ្ពង់ខ្ពស់ តាមក្តីប្រាថ្នារបស់កូន។

ភាពជោគជ័យដ៏ត្រចះត្រចង់របស់កូនថ្ងៃនេះ ជាមោទនភាពរបស់គ្រួសារយើងផង ពូជពង្សវង្សត្រកូលយើងផង និងជាមោទកភាពរបស់ជាតិផង។ កាលពុក និងម៉ែនៅវ័យសិក្សាដូចកូន ក្រទាំងចំណេះ ក្រទាំងទ្រព្យ ក្រទាំងសម្ភារៈសិក្សា មិនដែលស្គាល់សោះទ្បើយថា អ្វីទៅអ៊ីនធើណិត រឺអ្វីទៅជាកុំព្យូរ័ ទូរស័ពស្មាតហ្វូន និងជាពិសេសក្រទាំងពាក្យសម្តី មិនសូវបាននិយាយអប់រំកូន តែពុកនិងម៉ែបានប្រឹងប្រែង ខ្នះខ្នែងឃ្មាតខ្មី លីសែង គាស់កាយដី ធ្វើស្រែចំការ ច្បារដំណាំ ដំណក់ញើសហូរស្រក់សព្វសពាង្គ រាប់រយលានដំណក់ ក្រោមដំណក់ទឹកភ្លៀង ផ្គររន្ទះក្រោមសូរសែងកម្តៅថ្ងៃ និងប្រកបរបររកស៊ីផ្សេងៗ ទាំងយប់ទាំងថ្ងៃ ចំណាយកម្លាំង ទោះជាពេលខ្លះឈឺ ក៏ពុកនិងម៉ែមិនហ៊ានឈប់សម្រាកប្រឹង រកប្រាក់ទុកផ្គត់ផ្គង់កូនឱ្យបានរៀនខ្ពង់ខ្ពស់ យកចំណេះទុកជាកំណប់ទ្រព្យ ចូរកូនចងចាំថា ចំណេះវិជ្ជាទ្រព្យជាប់នឹងប្រាណ ចោរលួចមិនបាន ចាយច្រើនរឹតតែចម្រើនទ្បើង ។

ឆ្លៀតក្នុងឱកាសដ៏មហោឡារិកនោះដែរ ជំនួសមុខ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិតទាំងអស់ ព្រមទាំង មាតាបិតា អាណាព្យាបាល លោក មួន វាសនា បានសូមសូមថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ និងសូម គោរពជូនពរ ចំពោះ លោកបណ្ឌិត ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមប្រក្សាភិបាល និង លោក បណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងសូមជួបតែសំណាងល្អ មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕

To Top