ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រជាជនរុស្ស៊ី ៩៩.៩ ភាគរយនឹងសុខចិត្តលះបង់ជីវិត ដើម្បីប្រយោជន៍ប្រទេស ចំពេលមានការឈ្លានពាន បន្តរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន អូសបន្លាយរហូតដល់ខែទី១០។
លោក ពូទីន បានឲ្យដឹងពីបញ្ហានេះក្នុងអំឡុងពេល សម្ភាសន៍ជាមួយអ្នកកាសែត Pavel Zarubin ក្នុងអំឡុងពេលថ្ងៃបុណ្យណូអែល Rossiya-1 ផ្សាយពីទីក្រុងម៉ូស្គូ។ មេដឹកនាំរុស្ស៊ីរូបនេះ បានលើកឡើងថា លោកត្រូវបានធានាឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រជាជនរបស់លោក ក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ និង “ពេញមួយប្រវត្តិសាស្រ្តនៃអត្ថិភាពរបស់រុស្ស៊ី” នេះបើយោងតាមរបាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS កាលពីថ្ងៃអាទិត្យ។
លោក ពូទីន បានលើកឡើងថា “សម្រាប់ភាគច្រើន ៩៩.៩ ភាគរយនៃប្រជាពលរដ្ឋរបស់យើង ប្រជាជនរបស់យើង ដែលត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់អ្វីគ្រប់យ៉ាង ដើម្បីមាតុភូមិ វាមិនធ្វើឱ្យខ្ញុំខុសពីធម្មតានោះទេ” ប៉ុន្តែវាគ្រាន់តែធានាដល់ខ្ញុំម្តងទៀតថា រុស្ស៊ីជាប្រទេសពិសេសមួយ ហើយវាមានមនុស្សពិសេស”។
នៅពេលគេសង្កត់ទៅលើអ្នក ដែលធ្វើសកម្មភាពផ្ទុយទៅនឹង គោលដៅរបស់លោក មេដឹកនាំរុស្ស៊ីបានច្រានចោលពួកគេ ដោយបន្ថែមថាពួកគេមិនមែនជា “អ្នកស្នេហាជាតិពិតប្រាកដ” ប៉ុន្តែបានបញ្ជាក់ពីសិទ្ធិ របស់ពួកគេក្នុងការមាន “សេរីភាពនៃជម្រើស” ។
លោក ពូទីន បានបន្ថែមថា “មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ អំពីការពិតដែលថា មនុស្សមួយចំនួនមិនបានធ្វើដូចជា អ្នកស្នេហាជាតិពិតប្រាកដ” ។ “ពីព្រោះនៅក្នុងសង្គមណាមួយតែងតែ មានមនុស្សគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មានន័យថាផែនការផ្ទាល់ខ្លួន។ និយាយឱ្យត្រង់ទៅ ខ្ញុំមិនវិនិច្ឆ័យពួកគេទេ។ មនុស្សគ្រប់រូបមានសេរីភាពក្នុងការជ្រើសរើស” ៕
ប្រែសម្រួល ឈូក បូរ៉ា