ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើងបន្ដិចវិញ ដោយការបន្ធូរបន្ថយ ការរឹតបន្តឹងជំងឺរាតត្បាត របស់ប្រទេសចិន

វីយែន ៖ តម្លៃប្រេងបានកើនឡើង នៅក្នុងការជួញដូរដំបូង កាលពីថ្ងៃអង្គារដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលបីសប្តាហ៍ ដោយសារការបន្ធូរបន្ថយការរឹតបន្តឹងជំងឺកូវីដ-១៩ របស់ប្រទេសចិន បានជំរុញឱ្យមានសុទិដ្ឋិនិយម នៃការស្ទុះងើបឡើងវិញ នៃតម្រូវការរបស់អ្នកនាំចូល ប្រេងឆៅធំបំផុត របស់ពិភពលោក។

ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ប្រេង ពីរភាគបីរបស់ពិភពលោកគឺខ្ពស់ជាង ០,៨៩ភាគរយនៅ ៨៤,៦៧ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៩ និង ៤០នាទី ព្រឹកម៉ោងនៅ UAE ខណៈ West Texas Intermediate ដែលជារង្វាស់ដែលតាមដានប្រេងឆៅ របស់អាមេរិកបានកើនឡើង ០,៩០ភាគរយនៅ ៨០,២៨ ដុល្លារក្នុងមួយបារ៉ែល ។

សន្ទស្សន៍គោលទាំងពីរ បានកើនឡើងកាលពីសប្តាហ៍មុន ដោយប្រកាសពីការកើនឡើង ប្រចាំសប្តាហ៍ដ៏ធំបំផុតរបស់ពួកគេ ចាប់តាំងពីខែតុលា នៅពេលបិទពាណិជ្ជកម្ម កាលពីថ្ងៃសុក្រ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានដកស្រង់ សម្តីឧបនាយករដ្ឋមន្ត្រី Alexander Novak ដោយថាទីក្រុងម៉ូស្គូ អាចកាត់បន្ថយទិន្នផលប្រេង ៥០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដល់ ៧០ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ នៅដើមឆ្នាំ២០២៣។

គួរបញ្ជាក់ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង ៣,៦៣ ភាគរយនៅចុងបញ្ចប់ នៃការជួញដូរកាលពីថ្ងៃសុក្រ ខណៈដែល WTI បានកើនឡើង ២,៦៧ ភាគរយ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top