គៀវ៖ អ៊ុយក្រែនកំពុងស្នើឱ្យបណ្ដេញរុស្ស៊ីចេញពីអង្គការសហប្រជាជាតិប៉ុន្មានម៉ោងបន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា លោកបានបើកចំហសម្រាប់ការចរចាជាមួយ “ដំណោះស្រាយដែលអាចទទួលយកបាន”។
ក្រសួងការបរទេសអ៊ុយក្រែន បានចេញផ្សាយលិខិតមួយកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យរុស្ស៊ីដកខ្លួនចេញពីអង្គការសហប្រជាជាតិ ក៏ដូចជាការដកឋានៈសមាជិកអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារតែសំណួរជុំវិញភាពស្របច្បាប់របស់រុស្ស៊ីបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងខែធ្នូ ឆ្នាំ១៩៩១ ដែល “បានទុកចោលនូវដំណោះស្រាយ បញ្ហាសិទ្ធិ និងកាតព្វកិច្ចអន្តរជាតិរបស់សហភាពសូវៀត”។
សហព័ន្ធរុស្ស៊ីបានកាន់កាប់អាសនៈរបស់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយឆ្លងកាត់នីតិវិធីដែលបានកំណត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ អ៊ុយក្រែនបានអះអាងដោយលើកឡើងពីរបៀបដែលធម្មនុញ្ញបច្ចុប្បន្នមិនមានពាក្យថា “សហព័ន្ធរុស្ស៊ី”។
លិខិតនោះបានសរសេរថា “សហព័ន្ធរុស្ស៊ីមិនដែលឆ្លងកាត់នីតិវិធីច្បាប់ក្នុងការចូលជាសមាជិកទេ ដូច្នេះហើយបានកាន់កាប់អាសនៈសហភាពសូវៀតដោយខុសច្បាប់នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”។ “តាមទស្សនៈផ្លូវច្បាប់ និងនយោបាយ វាអាចមានសេចក្តីសន្និដ្ឋានតែមួយប៉ុណ្ណោះ៖ រុស្ស៊ីគឺជាអ្នកដណ្តើមយកកៅអីរបស់សហភាពសូវៀតនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”។
ក្រុមមន្ត្រីក៏បានចង្អុលបង្ហាញពីការឈ្លានពានរបស់រុស្ស៊ី ចំពោះអ៊ុយក្រែនមុនពេលការឈ្លានពានថ្ងៃទី២៤ ខែកុម្ភៈដោយលើកឡើងពី “ការឈ្លានពានប្រដាប់អាវុធ ៨ឆ្នាំ” ដែលរួមបញ្ចូលការបញ្ចូលឧបទ្វីបគ្រីមៀ ហើយទីបំផុតបាននាំឱ្យមានជម្លោះបង្ហូរឈាម ដែលបានកើតឡើងអស់រយៈពេលជាង ១០ខែ៕ប្រែសម្រួល ឈូក បូរ៉ា