ព័ត៌មានជាតិ

អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២៣:០៥នាទីយប់ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីហិង្សាដោយចេតនា (ក្រុមក្មេងស្ទាវវាយប្រកាប់គ្នា) កើតឡើងនៅក្នុងកម្មវិធីប្រដាល់គុនខ្មែរ នៅចំណុចបឹងដែង។

ភ្លាមៗនោះ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុ ដើម្បីរំសាយការឈ្លោះប្រកែក និងឈានទៅឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងនោះ។ ទោះជាយ៉ាងណា ក្នុងកំឡុងពេលប្រតិបត្តិការ ស្រាប់តែមានជនសង្ស័យម្នាក់ បានប្រើប្រាស់អាវុធមុតស្រួច (កាំបិត) ចាក់ទៅលើលោកអធិការរង បណ្តាលឱ្យត្រូវចំផ្ទៃមុខ និងច្រមុះខាងស្តាំ ចំនួន ០២កន្លែង រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដួលសន្លប់នៅនឹងកន្លែង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយឡែក ចំពោះស្ថានភាពរបួសរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរពេក បន្ទាប់ពីសង្គ្រោះបឋមនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមរួចមក ក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនលោកបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

បច្ចុប្បន្ន លោកអធិការរងនៅមិនទាន់ដឹងខ្លួននៅឡើយទេ ហើយគ្រោងនឹងត្រូវបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាមបន្ថែមទៀត៕

ដោយ៖ សយ រិទ្ធី

To Top