ព័ត៌មានជាតិ

បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA រៀបចំអាហាសាមគ្គីគម្រប់ខួប ១០ឆ្នាំ TYDA

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្នុងពិធីអបអរសាទរ និងពិសារអាហាសាមគ្គីគម្រប់ខួប ១០ឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) នារាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

លោកប្រធន សូមអបអរសាទរ ចំពោះTYDA ដែលបានធ្វើដំណើរអស់រយៈកាល ១០ឆ្នាំកន្លងមក ដោយចាប់ផ្តើមពីសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ខេត្តកំពង់ចាម ជាមួយសមាជិកតែ ៨ នាក់ កាលពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន មានសមាជិកកើនទ្បើងដល់ជាង ៨.០០០ នាក់ និងមានការរីកលូតលាស់នៅតាម គ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងកំពុងបន្តរីកចម្រើនតទៅទៀត ។ TYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និង តូចតាច នៅតាមមូលដ្ឋានឈាន ទៅព្យាបាលប្រភេទជម្ងឺធ្ងន់ជាអាទិ៍៖ ជំងឺមហារីក ជំងឺបេះដូង និងជាពិសេសបានពុះពារក្នុងដំណាក់កាល ដ៏ស្មុគ្រស្មាញជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងរយៈកាល ១០ឆ្នាំ មកនេះ TYDA បានព្យាបាលជូនប្រជាជនសរុបចំនួនជាង ៣៦ម៉ឺននាក់ ដែលក្នុងនោះចំនួនជាង ៦.០០០ នាក់ ជាប្រភេទជម្ងឺធ្ងន់ ។ ដោយសារសមិទ្ធផលទាំងអស់នេះហើយ ទើប TYDA ត្រូវបានទទួលស្គាល់ពីសំណាក់ ប្រជាជនគ្រប់ស្រទាប់ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ក្នុងការសង្គ្រោះ អាយុជីវិតរបស់ប្រជាជនគ្រប់រូប ដើម្បីជួយផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយដល់សង្គមគ្រួសារកម្ពុជា។

លោក ម៉ាណែត ក៏សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាធម៌ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានផ្តល់នូវការគាំទ្រ ទាំងការផ្តល់នូវគោលគំនិត ការតម្រង់ទិស និងការលើកទឹកចិត្តក្នុងការចូលរួម ជួយសង្គ្រោះដល់ប្រជាជន តាមលទ្ធភាពដែលអាចធ្វើបាន ប្រកបដោយទឹកចិត្តសប្បុរស ព្រមទាំងបានឆ្លៀតពេលវេលាពីភាពមមាញឹក មកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការរបស់ TYDA នាពេលកន្លងមកថែមទៀតផង។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះអាជ្ញាធររាជធានី-ខេត្ត និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អកន្លងមក ដែលបានបង្កភាពងាយស្រួលដល់សមាគម ក្នុងបម្រើប្រជាជន ជាពិសេសចំពោះក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលបានផ្តល់ការទុកចិត្តដល់ TYDA ក្នុងការចូលរួមជាមួយកម្លាំងសាមគ្គី ទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវ កន្លងមក។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជន, កម្លាំងយុវជនស្ម័គ្រចិត្ត, សិល្បករ, សិល្បការិនី, ដៃគូជាតិ និងអន្តរជាតិនានា ដែលបានយកចិត្តទុកដាក់ និង ជួយឧបត្ថម្ភគាំទ្រដល់ TYDA នៅក្នុងបុព្វហេតុដ៏ថ្លៃថ្លា នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខុមាលភាព ប្រជាជននៅតាមមូលដ្ឋាន ព្រោះថាសុខភាពល្អបរិបូណ៌ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល, និង ជាកត្តាចាំបាច់ និង មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ លើសពីនេះ សូមអរគុណដល់ថា្នក់ដឹកនាំ សមាជិក សមាជិការបស់ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ដែលបានចូលរួមជំរុញឱ្យសមាគមរីកលូតលាស់ និង មានសមិទ្ធផលជាផ្លែផ្កា ដើម្បីបំពេញបេសកម្មជូន ប្រជាជនឱ្យកាន់តែល្អប្រសើរ ។

លោក ម៉ាណែត ក៏សូមអរគុណលោកស្រី ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមក្រុមគ្រូពេទ្យ TYDA ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាសា្មរតី និងធនធាននានា ក្នុងការដឹកនាំ TYDA ប្រកបដោយជោគជ័យ, ជាមួយការចាត់ទុកទាំងអ្នកជំងឺ និងក្រុមការងារជាក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ នាំឱ្យ TYDA ទទួលបាននូវភាពកក់ក្តៅ និងការរីកលូតលាស់គួរជាទីមោទនៈ។ កាយវិការដ៏ប្រពៃរបស់លោកស្រី សបញ្ជាក់ច្បាស់អំពីភាពខ្លាំងក្លានៃស្រ្តីខ្មែរ ក៏ដូចជាស្ត្រីទូទាំងសកលលោក ដែលដៃម្ខាងបំពេញតួនាទី ក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន និងដៃម្ខាងទៀតថែរក្សា ក្រុមគ្រួសារដ៏ជាទីស្រលាញ់ ដែលនេះហើយជាមូលដ្ឋានគ្រឹះ នៃភាពរីកចម្រើន និងភាពសុខដុមរមនា នៅក្នុងគ្រួសារ ក៏ដូចជានៅក្នុងសង្គមជាតិ ៕

To Top