ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ដាក់ចេញកិច្ចចង្អុលការ ១១ចំណុច សម្រាប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន យកទៅអនុវត្តន៍

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋ លោក ខូយ​ រីដា អភិបាលខេត្តពោធិ៍សាត់ បានចេញនូវកិច្ចចង្អុលការ ចំនួន១១ចំណុច សម្រាប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន យកទៅអនុវត្តន៍។

កិច្ចចង្អុលការទាំងនោះ រួមមាន៖

១/ រាល់សំណួររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ពាក់ព័ន្ធនឹងអង្គភាពជំនាញ ត្រូវដោះស្រាយជាបន្ទាន់។
២/ សំណូមពរមន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើឱ្យបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនាម័យ បរិស្ថាន ​នៅគ្រប់ទីកន្លែងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៣/ សូមឱ្យមានការផ្សព្វផ្សាយវេទិកាសាធារណៈ ដែលជាដំណោះស្រាយ សំណួរចម្លើយនេះ ទៅដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបគ្រប់ៗគ្នា។

៤/ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
៥/ ពិនិត្យការធ្វើស្រែ របស់ប្រជាកសិករដែលទទួលបានពូជស្រូវ ពីសម្ដេចតេជោ យកមកស្ដារឡើងវិញសព្វថ្ងៃនេះ តើវាបានដល់កម្រិតណាហើយ?។
៦/ គ្រប់គម្រោងអភិវឌ្ឍន៍នៅមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ ដែលអភិវឌ្ឍន៍ដោយមូលនិធិឃុំសង្កាត់ សុំឱ្យមានការថែទាំ យកចិត្តទុកដាក់ឱ្យបានល្អ បើមានការខូចខាតតិចតួច ត្រូវជួសជុលបំពេញបន្ថែមកុំចាំតែគម្រោងទាំងស្រុង នោះ។

៧/ ការចោលសម្រាម ការដាក់ឆ័ត្រលក់ដូរឥវ៉ាន់នៅតាមមុខផ្ទះ និងជុំវិញផ្សារ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវមានការណែនាំឱ្យមានសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពស្អាតទាំងអស់គ្នា។
៨/ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យខាងតែបាន។
៩/ ត្រួតពិនិត្យចរាចរណ៍ ក្មេងទំនើងបង្ហោះម៉ូតូលើដងផ្លូវ ត្រូវតាមចាប់ឱ្យបានដាច់ខាត យកមករអប់រំ ឬដាក់ទណ្ឌកម្ម។

១០/ ចំពោះដីតំបន់៣ដែលត្រូវកែប្រែឱ្យមកតំបន់២ យើងបានរៀបចំរួចហើយ និងតំបន់២ ឱ្យមកតំបន់១ សូមពន្លឿននីតិវិធីកិច្ចការងារនេះ ដើម្បីចេញប្លង់ជូនប្រជាពលរដ្ឋឱ្យបានមុនឆ្នាំ២០២៤។
១១/ ត្រូវការពារ «សុខសន្តិភាព» ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

បន្ថែមលើសពីនេះ ក្នុងឱកាស ជាអធិបតីភាព ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៤ អាណត្តិទី៣ ឆ្នាំ ២០២២ ក្នុងស្រុកកណ្តៀង លោក ខូយ រីដា បានមានប្រសាសន៍ថា​ វេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីត្រួតពិនិត្យទៅលើការអនុវត្តតួនាទីភារៈកិច្ច ពិសេសផ្ដោតទៅលើគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលគ្រប់ភាគីគណបក្សនយោបាយទាំងអស់ បានសន្យា បានអនុវត្តន៍ បានប្ដេជ្ញាចិត្ត ជាមួយប្រជាពលរដ្ឋ ក្នុងពេលឃោសនាបោះឆ្នោត គឺគណបក្សណាឈ្នះឆ្នោត ត្រូវអនុវត្តតាមអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋ។

លោកអភិបាលបន្តថា ប្រជាពលរដ្ឋជាម្ចាស់ ឯថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាអ្នកបម្រើ ហើយការបម្រើរបស់យើង ពីមួយឆ្នាំទៅមួយឆ្នាំ វាបានឆ្លើយតបទៅប្រជាពលរដ្ឋតាមមូលដ្ឋាន គ្រប់ជ្រុងជ្រោយឬទេ? ហើយវានៅខ្វះខាតអ្វីទៀត ដែលយើងត្រូវបំពេញបន្ថែម ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង។

នៅក្នុងវេទិការនេះ ​សំណូមពរ ក៏ដូចជាបញ្ហាប្រឈម ចំនួន១៧ចំណុច រួមមានបញ្ហាដីបាក់ច្រាំងស្ទឹង ជួសជុលផ្លូវ ស្ពាន ស្ដារប្រឡាយ ការផ្ទេរកម្មសិទ្ធដីធ្លីប្រើរយៈពេលយូរពេក ការបង្ហូរទឹកស្អុយចូលអូរ បញ្ហាមិនទាន់មានទឹកស្អាត ប្រើប្រាស់ និងសូមឱ្យពេទ្យឆ្មបយកចិត្តទុកដាក់ ឱ្យបានខ្លាំងបំផុតចំពោះស្ត្រីឆ្លងទន្លេ ត្រូវបានឆ្លើយតប និងដោះស្រាយជូន ដោយមិនមានសេសសល់ នូវចំណុចណាមួយឡើយ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឆ្នាំទី៤ អាណត្តិទី៣ នៅសាលាស្រុកកណ្តៀង ៕

To Top