ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចាត់ទុកឧបទ្ទវហេតុឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាសោកនាកម្មយ៉ាងខ្លាំង ដែលបានកើតឡើងចុង ឆ្នាំ២០២២នេះ ខណៈតាមការប៉ានស្មានមានមនុស្សស្លាប់ ១៦នាក់ និងរងរបួសរាប់សិបនាក់ផងដែរ។
នាឱកាសអញ្ជើញបើកការដ្ឋានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរុករកសាកសព ក្នុងករណីឆេះអាគារនេះ។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ សូមយកឱកាសនេះ សូមចូលរួមរមណទុក្ខជាមួយនិងឧបទ្ទវហេតុភ្លើងឆេះកាស៊ីណូ នៅប៉ោយប៉ែត ដែលមានមនុស្សស្លាប់ជាង ១០នាក់ និងរបួសរាប់សិបនាក់»។
សម្ដេចតេជោ បន្ដថា ចំពោះឧបទ្ទវហេតុឆេះកាស៊ីណូនេះ អាជ្ញាធរពាក់ព័ន្ធបានគ្រប់គ្រងបានគិតត្រឹមយប់មិញនេះ ដោយមានការយករថយន្ដពន្លតអគ្គីភ័យរបស់ក្រសួងមហាផ្ទៃ ទៅជួយអន្ដរាគមន៍ផងដែរ។ សម្ដេច ថា ព្រឹកនេះ អាជ្ញាធរ ក៏បន្ដរកសាកសពបន្ថែមទៀត។
សម្ដេចតេជោ បញ្ជាក់ទៀតថា «តាមការប៉ានស្មានអាចនឹងមានមនុស្សអាចស្លាប់រហូតដល់ ១៦នាក់ ប៉ុន្ដែយើងរកឃើញ ១២នាក់ មនុស្សនៅទីនោះមានជាង ១ពាន់នាក់ និងបុគ្គលិកជាង ៥០០នាក់។ ហើយរបួស ៧៣នាក់ ទាំងខ្មែរ និងបរទេស ស្លាប់តាមការប៉ានស្មាន ១៦នាក់ ហើយរកឃើញ ១២នាក់ ឥឡូវយើងបន្ដរកទៀត នេះគឺជារឿងសោកនាកម្មមួយដែលបានកើត នៅក្នុងចុងឆ្នាំនេះ ដែលជារឿងអាក្រក់មួយ»។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះភាគីថៃ ដែលបានចូលរួមពន្លត់អគ្គីភ័យ ក្នុងឧបទ្ទវហេតុ ភ្លើងឆេះកាស៊ីណូ នៅប៉ោយប៉ែត។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង បានចុះធ្វើការណែនាំដោយផ្ទាល់ និងថ្លែងអំណរគុណ លោក កែ គឹមយ៉ាន ព្រមទាំងលោក អុំ រាត្រី ក៏ដូចជា កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមក្នុងការដោះស្រាយ ឧបទ្ទវហេតុនេះ»។
លើសពីនេះ សម្ដេចតេជោ ក៏បានស្នើអាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំសណ្ដាប់ធ្នាប់ភ្លាមៗ នៅច្រកព្រំដែនប៉ោយប៉ែត នេះឡើងវិញ ដើម្បីសម្រួលដល់ចេញ-ចូល នៅច្រកពំ្រដែន។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតឡើងនា យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត៕