បរទេស៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា យោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធ ដើម្បីត្រៀមសម្រាប់សេណារីយ៉ូ ដែលអាចកើតមានជាមួយនឹង យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ឆ្លងកាត់ព្រំដែន និងដើម្បីបង្កើនសមត្ថភាព ការពាររបស់ប្រទេស។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា “ក្រោមសេណារីយ៉ូសម្មតិកម្មផ្សេងៗ នៃការជ្រៀតចូលរបស់យន្តហោះ គ្មានមនុស្សបើករបស់សត្រូវ សមយុទ្ធបានដំណើរការនីតិវិធី ដើម្បីស្វែងរក កំណត់អត្តសញ្ញាណ តាមដាន និងស្ទាក់ចាប់ពួកវា (ដ្រូន)” ។
សមយុទ្ធនេះត្រូវបានរៀបចំឡើង បន្ទាប់ពីយោធាបានបរាជ័យក្នុងការបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង ចំនួន៥គ្រឿង ដែលបានរំលោភលើដែនអាកាសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ។
កាលពីថ្ងៃចន្ទ ក្រុមយន្តហោះគ្មានមនុស្សបើកដែលគេជឿថា ជាកូរ៉េខាងជើងបានឆ្លងកាត់ព្រំដែនអន្តរកូរ៉េ។ កូរ៉េខាងត្បូងបានព្យាយាមបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើកទម្លាក់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រដើម្បីស្ទាក់ចាប់ពួកគេ។ យន្តហោះមួយក្នុងចំនោមយន្តហោះ ដែលជាយន្តហោះវាយប្រហារធុនស្រាល KA-1 ត្រូវបានគេរាយការណ៍ថា បានធ្លាក់ក្នុងអំឡុងពេលហោះហើរ។
យន្តហោះគ្មានមនុស្សបើក របស់កូរ៉េខាងជើងតូចៗ ចំនួនបួនគ្រឿងបានហោះហើរនៅជិតកោះ Ganghwado ក្នុងប្រទេសកូរ៉េខាងត្បូង ហើយមួយទៀតបានហោះឡើង ទៅកាន់តំបន់ភាគខាងជើង នៃទីក្រុងប្រជុំជន រួមទាំងទីក្រុងសេអ៊ូលផងដែរ។ សារព័ត៌មាន យ៉ុនហាប់ បានផ្សាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង បានត្រឡប់ទៅភាគខាងជើងវិញ ខណៈដែល ៤ គ្រឿងទៀតបានបាត់ពីរ៉ាដា៕ ប្រែសម្រួលៈ ណៃ តុលា