ព័ត៌មានជាតិ

រដ្ឋមន្ត្រី លឹម គានហោ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្ស ប្រឡងបាក់ឌុប នៅស្រុកពញាឮ ខេត្តកណ្តាល សិស្សនិទ្ទេស A ទទួលបានម៉ូតូ១គ្រឿង និងសិស្សនិទ្ទេសផ្សេងទៀត, សិស្សប្រឡងធ្លាក់ ក៏ទទួលបានថវិកាឧបត្ថម្ភដែរ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយបេក្ខជនប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់ ។

មានមតិសំណេះសំណាល នាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បានសំដែងនូវការ អបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ ជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បាន ផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបានប្រលងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ នៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជា ទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់ នាថ្ងៃខាងមុខ ក្មួយៗ​មិន​ត្រឹម​តែ​រៀន ​ឲ្យ​បាន​តែ​​ជាប់​​ប៉ុណ្ណោះ​ទេ​ ត្រូវ​រៀន​ឲ្យ​ចេះ​សម្រាប់​ខ្លួន​ឯង​ ហើយ​ក្មួយ​ៗ ​អាច​មាន​ឱកាស​សិក្សា​ និង​ប្រលង​ជាប់​នៅ​ពេល​នេះ​ ក៏​ដោយ​សារ​ប្រទេស​យើង​មាន​សន្តិភាព​ ដូច​នេះ​យើង​ទាំង​អស់​គ្នា​ សូម​អរគុណ​សន្តិភាព​ ។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ។

សូមជម្រាបជូនថា ក្នុងសម័យប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ នេះ លោករដ្ឋមន្រ្តី និងក្រុមការងារ ក៏បានជួយឧបត្ថម្ភ កន្លែងស្នាក់នៅ ការធ្វើដំណើរ និងការហូបចុក ដល់បេក្ខជន ទាំងអស់ ផងដែរ និងដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ ដែលទើបនឹងប្រលងជាប់ និង ពុំបានប្រលងជាប់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់ លោករដ្ឋមន្រ្តី និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បានឧបត្ថម្ភដូចខាងក្រោម ៖

-និទ្ទេស A ចំនួន 03 នាក់ ម្នាក់ៗទទួលបានម៉ូតូ SCOPY-2023 ចំនួន 01 គ្រឿង

-និទ្ទេស B ចំនួន 39 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 400.000 រៀល

និទ្ទេស C ចំនួន 126 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 320.000 រៀល

-និទ្ទេស D ចំនួន 226 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 240.000 រៀល

-និទ្ទេស E ចំនួន 231 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 160.000 រៀល

-សិស្សប្រលងធ្លាក់ ចំនួន 144 នាក់ ម្នាក់ៗទទួលបានថវិកា ចំនួន 80.000 រៀល
-​ គណៈគ្រប់គ្រង​ និង​លោក​គ្រូ​ អ្នកគ្រូ​ ថ្នាក់​ទី​ ១២​ ចំនួន​ 114 នាក់​ ម្នាក់​ៗ​ថវិកា​ ចំនួន​ 100.000 រៀល​

-វិទ្យាល័យ ទេពប្រណម្យ 1.000.000 រៀល

-វិទ្យាល័យ ហ៊ុន សែន អូរកុង 1.000.000 រៀល

-វិទ្យាល័យ ហ៊ុន សែន កោះចិន 1.000.000 រៀល

-វិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ 1.000.000 រៀល

-វិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន 1.000.000 រៀល

-រដ្ឋបាលស្រុកពញឮ 1.000.000 រៀល
-​ ប៉ូលីស​ 1.000.000 រៀល

To Top