ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំឱ្យបង្កលក្ខណៈ សប្បាយ​រីករាយ ​ជូនពលរដ្ឋក្នុង ឱកាសចូលឆ្នាំសាកល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ច សហការគ្នា ពិនិត្យដោះស្រាយ ចំពោះទីតាំងសប្បាយភាពនានា នៅរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈជូនប្រជាពលរដ្ឋ សប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំសាកល នារាត្រីថ្ងៃទី៣១ធ្នូស្អែកនេះ ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងថា នៅរាត្រីថ្ងៃទី៣១ធ្នូ បុណ្យចូលឆ្នាំសាកល បានចាប់ផ្តើម ពេលនោះហើយដែលប្រជាពលរដ្ឋ សម្រុកចូលទៅលេងនៅកន្លែងសប្បាយភាពនានាដូច្នេះទេ សម្រាប់អាជ្ញាធរខណ្ឌពាក់ព័ន្ធ និង កម្លាំងសមត្ថកិច្ចរបស់ខណ្ឌ កម្លាំងស្នងការដ្ឋាន ត្រូវពិនិត្យកន្លែងសប្បាយភាពទាំងនេះ ជាមួយនិងការដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ សន្តិសុខនិង សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសនៅខណ្ឌ ដូនពេញ ចំការមន ជ្រោយចង្វានិងខណ្ឌច្បារអំពៅជាដើម ដែលខណ្ឌទាំងនេះជាខណ្ឌដែលមានទីតាំងសប្បាយភាពច្រើនជាងគេ ហើយទីតាំងទាំងនេះ តែងទទួលរងនូវការកកស្ទះចរាចរ ជាច្រើនម៉ោង ចាប់ពីម៉ោងឆ្លងរាត្រីទៅ នាបុណ្យឆ្លងឆ្នាំសាកលនេះ។

លោក ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី នឹងត្រូវបង្កើត ក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ ដូច្នេះទេ មន្ត្រីនិងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវមានមុខប្រចាំការ និងបំពេញការងាររបស់ខ្លួន ។ ក្នុងនាមជាមន្ត្រីនិងកម្លាំងសមត្ថកិច្ចត្រូវដឹងខ្លួនថា ពេលមានបុណ្យធំៗ មានកន្លែងសប្បាយភាព យើងមិនអាចសប្បាយដូចប្រជាពលរដ្ឋទេ យើងជាអ្នកការពារភាព សប្បាយជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះទៀត លោក ឃួង ស្រេង ក៏បានណែនាំឲ្យ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់ ផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួមបង្ការទប់ ស្កាត់គ្រោះអគ្គីភ័យ បង្ក្រាបល្បែងស៊ីសង ខុសច្បាប់ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញផងដែរ។

ក្នុងនោះលោកឧត្តមសេនីយ៍ សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប៉ូលីសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមផែនការនឹងប្រើប្រាស់កម្លាំងប្រមាណ១០០០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងដោះស្រាយចរាចរ បង្កលក្ខណៈជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំសាកល នារាត្រីថ្ងៃទី៣១ធ្នូស្អែកនេះ៕

To Top