ព័ត៌មានអន្តរជាតិ

អង្គការសហប្រតិបត្តិការ ឥស្លាមច្រានចោល ផែនការសន្តិភាព របស់លោក ត្រាំ

បរទេស ៖ អង្គការសហប្រតិបត្តិការឥស្លាម បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបដិសេធច្រានចោល នូវផែនការសន្តិភាព ក្នុងតំបន់មជ្ឈិមបូព៌ា របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

អង្គការមានសមាជិក៥៧ ដែលបានប្រារព្ធធ្វើជំនួបកំពូលមួយ ដើម្បីពិភាក្សាគ្នាអំពីផែនការនោះ នៅក្នុងទីក្រុង Jeddah បាននិយាយថា ខ្លួនអំពាវនាវឲ្យប្រទេសជាសមាជិកទាំងអស់ មិនចូលរួមជាមួយផែនការនេះ ឬក៏ធ្វើសហប្រតិបត្តិការជាមួយរដ្ឋបាលអាមេរិក ក្នុងការអនុវត្តវា ក្នុងគ្រប់រូបភាពទាំងអស់។

គួរបញ្ជាក់ថា ដោយមានការស្នើពីថ្នាក់ដឹកនាំប៉ាឡេស្ទីន កិច្ចប្រជុំរបស់អង្គការនេះ គឺត្រូវបានធ្វើឡើងក្រោយពីថ្ងៃ បន្ទាប់ពីសម្ព័ន្ធអារ៉ាប់ ច្រានចោលនូវអ្វី ដែលគេហៅថា ដំណោះស្រាយប្រចាំសតវត្សរបស់លោក ត្រាំ ដោយនិយាយថា វាមិនឆ្លើយតបទៅ នឹងសិទ្ធិដ៏តិចតួចស្តួចស្តើង និងបំណងប្រាថ្នារបស់ប្រជាជនប៉ាឡេស្ទីន ៕
ប្រែសម្រួល៖ប៉ាង កុង

To Top