បរទេស៖ មន្ត្រីនាំពាក្យមួយរូប នៃគណបក្ស AK Party របស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃចន្ទថា ប្រទេសតួកគី បានជូនដំណឹងរុស្ស៊ី ពីការវិវត្តនានានៅក្នុងតំបន់ Idlib ប្រទេសស៊ីរី និងបានបដិសេធ ការអះអាងរបស់ទីក្រុងមូស្គូ ដែលថា ខ្លួនមិនត្រូវបានប្រាប់ឲ្យដឹង ពីសកម្មភាពនានា មុនពេលកងទ័ពតួកគី៦នាក់ បានស្លាប់ដោយសារគ្រាប់ផ្លោងស៊ីរី។
លោក Omer Celik បាននិយាយនៅលើ បណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “សេចក្តីថ្លែងការណ៍ ដែលថា ប្រទេសរុស្ស៊ី មិនត្រូវបានជូនដំណឹងឲ្យដឹងនោះ គឺមិនត្រឹមត្រូវនោះទេ តួកគីកំពុងតែផ្តល់ព័ត៌មានប្រក្រតី ជាប្រចាំដល់រុស្ស៊ី ហើយក៏ផ្តល់ដំណឹងឲ្យពួកគេ ក្នុងព្រឹត្តិការណ៍ថ្មីបំផុតនេះផងដែរ។ វាមិនពិតនោះទេ ដែលនិយាយថា គ្មានការចែករំលែកព័ត៌មានឲ្យដឹង ហើយយន្តការដែលកំពុងប្រើប្រាស់ គឺត្រូវបានប្រើប្រាស់ជាប្រចាំ”។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីដែលគាំទ្រ កងកម្លាំងរដ្ឋាភិបាលស៊ីរី បាននិយាយថា បុគ្គលិកយោធាតួកគី បានស្ថិតក្រោមការវាយប្រហារ ព្រោះតែខ្លួនមិនត្រូវបានព្រមានប្រាប់ ពីប្រតិបត្តិការរបស់តួកគី នៅក្នុងតំបន់ Idlib ប្រទេសស៊ីរី៕ ប្រែសម្រួល៖ប៉ាង កុង
													
																							