ដាម៉ាស់៖ កងទ័ពស៊ីរីបានឲ្យដឹងថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋាន ទីក្រុងដាម៉ាស់ លែងដំណើរការជាលើកទីពីរ ក្នុងរយៈពេលមួយឆ្នាំ។
យោធាស៊ីរីនិយាយថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានស៊ីរីយ៉ាងតិចពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ ដ៏សំខាន់របស់ប្រទេសនេះលែង ដំណើរការជាបណ្តោះអាសន្ន។
យោធាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាំជ្រួចបាញ់បង្ហោះតាមអាកាស បានមកពីទិសដៅនៃបឹង Tiberias ក្នុងប្រទេសអ៊ីស្រាអែល នៅម៉ោងប្រហែល ២ទៀបភ្លឺ ម៉ោងក្នុងស្រុកនៅថ្ងៃច័ន្ទ ហើយបានកំណត់គោលដៅ អាកាសយានដ្ឋានអន្តរជាតិដាម៉ាស់ និងតំបន់ជុំវិញនោះ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន SANA ។
សេចក្តីថ្លែងការណ៍បានឲ្យដឹង ការវាយប្រហារនេះបានបណ្តាលឲ្យមាន “ទាហានពីរនាក់ស្លាប់ របួសពីរនាក់ផ្សេងទៀត បាត់បង់សម្ភារៈមួយចំនួន” និងធ្វើឲ្យព្រលានយន្តហោះលែងដំណើរការ។
ក្រោយមក SANA បានរាយការណ៍ថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសស៊ីរី បានប្រកាសបើកព្រលានយន្តហោះឡើងវិញ នៅម៉ោង ៩ ព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃចន្ទនេះ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាក្រុមឃ្លាំមើលមាន មូលដ្ឋាននៅចក្រភពអង់គ្លេស បានរាយការណ៍ថា ការវាយឆ្មក់របស់អ៊ីស្រាអែល បានវាយប្រហារអាកាសយានដ្ឋាន ក៏ដូចជាឃ្លាំងអាវុធមួយកន្លែង នៅជិតកន្លែងផលិតនៅភាគខាងត្បូងទីក្រុង ដាម៉ាស់ ៕
ប្រែសម្រួល ឈូក បូរ៉ា