ព័ត៌មានជាតិ

អគ្គនាយករង ARDB តំណាងលោក កៅ ថាច អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី និងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យព្រែកលួង

ភ្នំពេញ៖ លោក បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាអនុប្រធានក្រុមការងារចលនាយុវជន តំណាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារ​ចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល និងសហការី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២២-២០២៣ និងសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យព្រែកលួង ។

សមាសភាពចូលរួមក្នុងពិធីនេះ រួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជនស្រុក ក្រុមប្រឹក្សាឃុំ និងមាតាបីតាសិស្សសរុបចំនួន ១ ៤៧០ នាក់។

ក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៣ វិទ្យាល័យព្រែកលួង មានសិស្សានុសិស្សសរុបចំនួន ១ ៣៥៥ នាក់ ក្នុងនោះស្រីចំនួន ៧៦១ នាក់ ចែកចេញជា៦ថ្នាក់ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២។ ដោយឡែកសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ មានចំនួន ៣២៦ នាក់ ក្នុងនោះស្រី ១៦៩ នាក់។

លទ្ធផលសិក្សាឆ្នាំ២០២១-២០២២ កន្លងទៅ សម្រាប់បេក្ខជនប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ មានចំនួន ២៦៩ នាក់ ស្រី ១៥៥ នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់ មានចំនួន ២០៨ នាក់ ស្មើនឹង ៧៧,៣២ ភាគរយ ស្រី ១២០ នាក់ ស្មើនឹង ៧៧,៤១ ភាគរយ។

លោក បាន លឹម បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ៥ ធ្នូ ២០២២ ដែលទទួលបានលទ្ធផលល្អ មានបេក្ខជនប្រឡងជាប់ជាង ៧៧ ភាគរយ ដែលនេះ គឺជាគិត្តិយសដ៏ធំធេង សម្រាប់វិទ្យាល័យព្រែកលួង មាតាបីតា និងអាណាព្យាបាលសិស្ស។ លោកបានផ្តាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានឪពុកម្តាយ លោកគ្រូអ្នកគ្រូ ក្នុងការទទួលយកនូវចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងក្លាយជាទំពាំងស្នងឫស្សី ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ដោយត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។

លោកអគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានជំនឿជឿជាក់ថា ក្មួយៗសិស្សានុសិស្ស នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ពិសេសក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ឆ្នាំនេះ នឹងប្រឡងជាប់បានច្រើន និងទទួលបាននិទ្ទេសល្អ។

ក្នុងឱកាសនោះ លោក បាន លឹម តំណាងលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល បានឧបត្ថម្ភសៀវភៅសរសេរ និងប៊ិក ជូនដល់សិស្សានុសិស្សសរុបចំនួន ១ ៣៥៥ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរ ចំនួន០២ក្បាល និងប៊ិកចំនួន ០២ ដើម គិតជាថវិកាស្មើនឹង ៤ ១១៤ ២០០ រៀល និងឧបត្ថម្ភសម្រាប់រៀបចំកម្មវិធី ចំនួន ៤ ៥០០ ០០០ រៀល។

To Top