បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានព្រមានថា ប្រធានាធិបតីចិនលោក Xi Jinping មានផែនការ ដើម្បីចម្លងឱ្យពិភពលោក និងរីករាលដាលប្រភេទថ្មីនៃជំងឺ Covid-19 ។ លោកបានទទូចថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត គួរតែបិទការទទួលយក ការធ្វើដំណើរពីទីក្រុងប៉េកាំង។
យោងតាមសារព័ត៌មាន First Post ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Mike Pompeo បានប្រាប់អ្នករៀបចំក្នុងកម្មវិធីវិទ្យុលោក John Catsimatidis ថា Covid អាចរីករាលដាលយ៉ាងឆាប់រហ័ស ពាសពេញពិភពលោក ដោយសារតែអ្នកស្រុកចិនកាន់តែច្រើន ឥឡូវនេះពួកគេមានសេរីភាព ក្នុងការធ្វើដំណើរបន្ទាប់ពីរដ្ឋបាលលោក Xi បានទម្លាក់វិធានការទប់ស្កាត់មេរោគ ដ៏តឹងរឹងរបស់ខ្លួនចោល។
លោក Pompeo បាននិយាយថា ៥០ ភាគរយនៃចំនួនប្រជាជនរបស់ពួកគេ គឺកំពុងចេញដំណើរ។ “វាស្តាប់ទៅហាក់ដូចជាយើង ប្រហែលជាមានប្រជាជនចិន រហូតដល់មួយលាននាក់បានឆ្លងជំងឺ។
លោកបានបន្ថែមថា “គ្មានហេតុផលទេដែលយើងគួរតែអនុញ្ញាត ឱ្យជនជាតិចិនធ្វើបែបនេះម្តងទៀត ដើម្បីបញ្ជូនអ្នកឆ្លងជំងឺនៅចិន ទៅជុំវិញពិភពលោក ដោយដឹងថា ឆ្លងទៅមនុស្សទូទាំងពិភពលោក។
សូមជម្រាបថា ប្រទេសចិនបាននិងកំពុងមើលឃើញ ការផ្ទុះឡើងដ៏ធំនៃជំងឺកូវីដ-១៩ ដោយចំនួនប្រជាជនរបស់ខ្លួនបានឆ្លងមេរោគ ចូលព្យាបាលនៅមន្ទីរពេទ្យ និងជាច្រើននាក់បានស្លាប់។ កាលពីខែមុន ប្រជាជាតិអាស៊ីមួយនេះ បានប្រកាសថាខ្លួន នឹងចាប់ផ្តើមអនុញ្ញាតឱ្យមានការធ្វើដំណើរចេញ និងចូលប្រទេស បន្ទាប់ពីដាក់ចេញគោលនយោបាយ ‘សូន្យ-Covid’ រយៈពេលបីឆ្នាំរបស់ខ្លួន៕ ប្រែសម្រួលៈ ណៃ តុលា