ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ សម្តេច ជួន ណាត

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកបវេសនកាល ឆ្នាសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ សម្ដេច ជួន ណាត ស្ថិតនៅ ឃុំក្រឡា ស្រុកកំពង់សៀម ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោក-លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង អតីតលោកគ្រូ អ្នកគ្រូ ជានិវត្តន៍ជន និងលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ ។

បន្ទាប់ពីអានសារលិខិតសម្តេច តេជោ ហ៊ុន សែន ជូនដល់លោកគ្រូ-អ្នកគ្រូ និង សិស្សានុសិស្ស រួចមក អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ថា ការកសាងវប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តម របស់បុគ្គលិកសិក្សា គ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាន នៃការបណ្តុះបណ្តាលគុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឱ្យបានជ្រួតជ្រាបដល់សិស្សានុសិស្ស គ្រប់ភូមិសិក្សាឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយកាតរីកចម្រើនលើគ្រប់វិស័យ។ ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាល ក្នុងសាលារៀនដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ប៉ុន្តែ ក៏ត្រូវមានកិច្ចសហការពីមាតា បិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសសិស្ស ឱ្យដើរទៅតាមផ្លូវត្រូវ។

ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ផងដែរថាៈ ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារ ក៏ជាប្រភពដែលបង្កើតឱ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខទៅវិញ។ ដូច្នេះ មាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវជួយគ្រប់គ្រងអប់រំកូនចៅ ឱ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅឋាន ស្ថិតក្នុងរង្វង់នៃការកម្សាន្តជាមួយគ្រួសារ មិត្តភ័ក្រត្រឹមត្រូវ ដើម្បីកុំឱ្យពួកគេស្ថិតនៅក្នុងក្រុមក្មេងទំនើង ដើរមិនចូលផ្ទះ មិនចូលសាលារៀន ហើយបង្កបញ្ហា នៅតាមទីធ្លាសាធារណៈ ឬសាលារៀន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គមជាតិ ។

លោកអភិបាលខេត្ត បញ្ជាក់ថា ប្រការនេះគឺជាកង្វល់រួមរបស់គ្រួសារ របស់រាជរដ្ឋាភិបាល និងរបស់សង្គមជាតិទាំងមូល យើងចាំបាច់ត្រូវរួមគ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់តាមវិធានការ ដែលមានរួចមកហើយ គឺទំនាក់ទំនងរវាងសាលារៀន គ្រួសារ និងសង្គមជាតិ។ មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីកក្នុងគ្រួសារ និងជួយពង្រឹងឱ្យកូន-ចៅខ្លួន មានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្ងៃថ្នូរ ដើម្បីក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ៕

To Top