ព័ត៌មានអន្តរជាតិ

ថៃ នឹងមិនដាក់ការត្រួតពិនិត្យ Covid-19 តឹងរ៉ឹងចំពោះអ្នកទេសចរចិនទេ ដូចអាមេរិក និងជាប្រទេសជាច្រើនទៀតនោះទេ

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងមិនដាក់ការត្រួតពិនិត្យ Covid-19 តឹងរ៉ឹងចំពោះអ្នកទេសចរចិនទេ ប៉ុន្តែនឹងធ្វើដូចគ្នាទៅនឹងអ្នកទេសចរមកពីប្រទេសដទៃទៀតដែរ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Anutin Charnvirakul បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ មុនពេលចូលរួមកិច្ចប្រជុំរបស់ទីភ្នាក់ងាររដ្ឋាភិបាលដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ការមកដល់នៃភ្ញៀវទេសចរចិន ដែលចាប់ផ្តើមនៅថ្ងៃអាទិត្យបន្ទាប់ពីការបញ្ចប់នៃគោលនយោបាយសូន្យ-Covid របស់ប្រទេសដែលរារាំងពលរដ្ឋចិនមិនឱ្យធ្វើដំណើរទៅក្រៅប្រទេសរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។

លោក Anutin បានបន្តថា នាយកដ្ឋានគ្រប់គ្រងជំងឺនឹងទទួលខុសត្រូវក្នុងការអនុវត្តវិធានការ និងការណែនាំដើម្បីទទួលភ្ញៀវទេសចរបរទេសដោយស្មើភាពគ្នា។ លោកក៏បានលើកឡើងថា ប្រទេសថៃមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយប្រទេសចិន។

សូមជម្រាបថា សហរដ្ឋអាមេរិកបានចូលរួមដោយប្រទេសជប៉ុន ឥណ្ឌា អ៊ីតាលី ម៉ាឡេស៊ី កូរ៉េខាងត្បូង អេស្បាញ និងតៃវ៉ាន់ ក្នុងការដាក់លក្ខខណ្ឌតឹងរ៉ឹង រួមទាំងការធ្វើតេស្ត Covid-19 អវិជ្ជមានលើភ្ញៀវមកពីប្រទេសចិន ដែលអត្រាឆ្លងក្នុងប្រទេសចិន គឺបានកើនឡើង៕ប្រែសម្រួលៈ ណៃ តុលា

To Top