បរទេស៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំតាមរយៈអនឡាញ ដោយមានការចូលរួមពីសំណាក់ ប្រទេសកំពុងអភិវឌ្ឍជាង ១២០ប្រទេសនៅសប្តាហ៍ក្រោយ។
កិច្ចប្រជុំដែលធ្វើឡើង ក្នុងគោលបំណងសំខាន់មួយ គឺចែករំលែកពីចំណេះដឹង ផ្នែកសេដ្ឋកិច្ចនិងពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សារបស់បណ្តាក្រុមប្រទេស G20 ដែលទើបបានធ្វើឡើង នៅក្នុងឆ្នាំនេះក្នុងប្រទេសឥណ្ឌូនេស៊ី។
តាមការបញ្ជាក់បន្ថែមកិច្ចប្រជុំ នឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា ដោយលើកឡើងបញ្ហាសំខាន់ៗផ្សេងទៀត ដូចជាបញ្ហាផលប៉ះពាល់ ដោយសារវិបត្តិកូវីដផងបញ្ហា ដោយសារសង្គ្រាមនៅអ៊ុយក្រែនផង និងបញ្ហាស្បៀងអាហារផង។
គួរឲ្យដឹងដែរថា មន្ត្រីជាន់ខ្ពស់រូបនេះ បានឆ្លើយតបទៅនឹងសំណួរថាតើ ឥណ្ឌានឹងអញ្ជើញបេក្ខភាពចូលរួម មកពីប្រទេសចិន និងប៉ាគីស្ថានដែរឬទេ នោះលោកបានបញ្ជាក់ថា ក្រសួងនឹងធ្វើការបញ្ជាក់អំពី សមាសភាពទាំងអស់នៅពេលដែល
លិខិតអញ្ជើញបានធ្វើរួចរាល់ហើយ ទទួលបាននូវការឆ្លើយតបមកវិញជាមុនសិន៕
ប្រែសម្រួល៖ ស៊ុន លី