វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសភាពអាសន្ន នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈដែលព្យុះរដូវរងានៅតែបន្តវាយលុករដ្ឋ ដែលមានប្រជាជនច្រើនបំផុត នៅក្នុងប្រទេសកាលពីថ្ងៃចន្ទ។
យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយសេតវិមាន កាលពីថ្ងៃចន្ទ លោក បៃដិន បានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធ ដើម្បីបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងឆ្លើយតប របស់រដ្ឋកាលីហ្វ័រញ៉ា និងមូលដ្ឋាន ដោយសារលក្ខខណ្ឌគ្រាអាសន្ន ដែលបណ្តាលមកពីព្យុះរដូវរងា បានវាយប្រហារជាបន្តបន្ទាប់ និងធ្ងន់ធ្ងរ ទាំងទឹកជំនន់ និងការរអិលបាក់ដី។
សេចក្តីប្រកាសគ្រាអាសន្ន របស់សហព័ន្ធនឹងអនុញ្ញាត ឱ្យក្រសួងសន្តិសុខមាតុភូមិ និងទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធរបស់សហរដ្ឋអាមេរិក សម្របសម្រួលកិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះមហន្តរាយទាំងអស់។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍មុន នូវភាពអាសន្ននៅទូទាំងរដ្ឋភាគខាងលិច នៃសហរដ្ឋអាមេរិក ដែលជាផ្ទះរបស់អ្នកស្រុកប្រហែល ៤០លាននាក់ ដោយសារខ្យល់ព្យុះរដូវរងាខ្លាំង។
លោកបានដាក់សំណើកាលពីថ្ងៃអាទិត្យ ទៅកាន់សេតវិមាន សម្រាប់ការប្រកាសគ្រាអាសន្ន របស់ប្រធានាធិបតី ដើម្បីគាំទ្រការឆ្លើយតបនឹងព្យុះ ដែលកំពុងបន្ត និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងរដ្ឋ។
ចាប់តាំងពីចុងខែធ្នូមក ប្រជាជនកាលីហ្វ័រញ៉ាចំនួន ១២នាក់បានស្លាប់ ដោយសារផលប៉ះពាល់ទាក់ទងនឹងព្យុះ រួមទាំងទឹកជំនន់ ច្រើនជាងចំនួនជនស៊ីវិល ដែលបានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះរួមបញ្ចូលគ្នា នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយការិយាល័យអភិបាល។
លោក Newsom បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើងកំពុងស្ថិតនៅកណ្តាលនៃឧបសគ្គ ដ៏សាហាវនៃព្យុះរដូវរងា ហើយរដ្ឋកាលីហ្វ័រញ៉ាកំពុងប្រើប្រាស់ធនធានទាំងអស់ ក្នុងការលុបបំបាត់របស់ខ្លួន ដើម្បីការពារអាយុជីវិត និងកំណត់ការខូចខាត”៕ ប្រែសម្រួល ឈូក បូរ៉ា