ព័ត៌មានអន្តរជាតិ

បាតុករ ១២០០នាក់ ត្រូវបានឃុំខ្លួន ខណៈប៉ូលីសប្រេស៊ីល បានគ្រប់គ្រង អគាររដ្ឋាភិបាលឡើងវិញ

រីយ៉ូ៖ អាជ្ញាធរប្រេស៊ីលបានចាប់ខ្លួនអ្នកគាំទ្រ យ៉ាងហោចណាស់ ១២០០នាក់ របស់អតីតប្រធានាធិបតីលោក Jair Bolsonaro ត្រឹមថ្ងៃច័ន្ទម្សិលមិញនេះ ហើយបានគ្រប់គ្រងឡើងវិញ នូវអគាររដ្ឋាភិបាលសំខាន់ៗនៅទីនោះ។

ជំរំបណ្ដោះអាសន្ន របស់ក្រុមអ្នកតវ៉ានៅខាងក្រៅ ទីស្នាក់ការរបស់កងទ័ពត្រូវបានរុះរើ ហើយមនុស្សប្រហែល ៣០០នាក់ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីពួកគេបានសម្រុកចូល វិមានប្រធានាធិបតី សភា និងតុលាការកំពូល ក្នុងរដ្ឋធានីកាលពីថ្ងៃអាទិត្យ។

ចៅក្រមតុលាការកំពូលសហព័ន្ធលោក Alexandre de Moraes បានបញ្ជាឱ្យចាប់ខ្លួន និងបណ្តេញក្រុមបាតុករ ដែលបដិសេធមិនទទួលយកលទ្ធផល នៃការបោះឆ្នោតសកល ដែលបាននាំប្រធានាធិបតីបច្ចុប្បន្ន លោក Luiz Inacio Lula da Silva ឡើងកាន់អំណាច។

លោក Moraes ក៏បានដកអភិបាលខណ្ឌសហព័ន្ធ Ibaneis Rocha ដែលជាអ្នកគាំទ្រលោក Bolsonaro ចេញពីតំណែងរយៈពេល ៩០ថ្ងៃផងដែរ ខណៈដែល Lula សម្រេចឱ្យមានការអន្តរាគមន៍ ពីសហព័ន្ធនៅក្នុងឧបករណ៍សន្តិសុខរបស់ស្រុក។

គួរបញ្ជាក់ថា លោក Lula ដែលបានស្បថចូលកាន់តំណែង នៅថ្ងៃទី០១ ខែមករា បានថ្កោលទោសការឈ្លានពាន ដោយលើកឡើងថា អ្នកវាយប្រហារនឹងត្រូវបានផ្តន្ទាទោស “ដោយកម្លាំងពេញលេញនៃច្បាប់”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top