រីយ៉ូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានឧ្យដឹងថា ប្រទេសជប៉ុន នឹងពង្រឹងទំនាក់ទំនង ជាមួយប្រេស៊ីលបន្ថែមទៀត ក្រោមអធិបតីភាពលោក Luiz Inacio Lula da Silva ដែលបានក្លាយជាមេដឹកនាំ របស់ប្រទេសនៅដើមឆ្នាំនេះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ជាមួយសមភាគីប្រេស៊ីលលោក Mauro Vieira នៅទីក្រុង Brasilia លោក Hayashi បានរិះគន់កុប្បកម្មកាលពីថ្ងៃអាទិត្យ ដែលប្រព្រឹត្តដោយអ្នកគាំទ្រ អតីតប្រធានាធិបតីលោក Jair Bolsonaro នៅក្នុងរដ្ឋធានី ខណៈបង្ហាញការគាំទ្រ ចំពោះមេដឹកនាំថ្មី ដែល “ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ” នេះបើយោងតាមក្រសួងការបរទេសជប៉ុន។
លោក Hayashi ត្រូវបានដកស្រង់ដោយក្រសួង ដែលបានលេីកឡេីងថា ទំនាក់ទំនងសេដ្ឋកិច្ច របស់ប្រទេសទាំងពីរមាន “សក្តានុពលធំ” ជាពិសេសនៅក្នុង វិស័យម្ហូបអាហារថាមពល និងធនធានរ៉ែដែលក្នុងនោះប្រេស៊ីល គឺជាអ្នកផលិតដ៏សំខាន់។
លោក Hayashi បានលេីកឡេីងថា លោករំពឹងថារដ្ឋាភិបាល របស់ប្រទេសប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Lula ដែលបានស្បថចូលកាន់តំណែង ជាប្រធានាធិបតីនៅថ្ងៃទី០១ ខែមករា នឹងធ្វើឱ្យប្រសើរឡើង នូវទិដ្ឋភាពនៃបរិយាកាសធុរកិច្ច របស់ប្រទេសនេះ នៅក្នុងវិស័យដូចជាប្រព័ន្ធពន្ធ ដូច្នេះក្រុមហ៊ុនជប៉ុន អាចវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសអាមេរិកខាងត្បូង។
ការចរចានេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីបាតុករគាំទ្រលោក Bolsonaro ដែលជាអ្នកកាន់តំណែង មុនរបស់លោក Lula បានសម្រុកចូលអគារនីតិប្បញ្ញត្តិ ការិយាល័យប្រធានាធិបតី និងតុលាការកំពូល ក្នុងប្រទេសប្រេស៊ីល៕ ប្រែសម្រួល ឈូក បូរ៉ា