ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ៖ គ្រប់ក្រសួង-ស្ថាប័ន ត្រូវមានមន្ដ្រីព័ត៌មាន ផ្ដល់បទសម្ភាសន៍ ឱ្យជាប់ជាប្រចាំ

" "

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវតែមានមន្ដ្រីព័ត៌មានរបស់ខ្លួន សម្រាប់ផ្ដល់បទសម្ភាន៍ ជាមួយអ្នកសារព័ត៌មាន ឱ្យបានជាប់ជាប្រចាំផងដែរ។

ក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រ នយោបាយព័ត៌មាន» រៀបចំឡើងដោយ ក្រសួងមហាផ្ទៃ និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣លោក ខៀវ កាញារីទ្ធ បានថ្លែងថា ប្រធានស្ថាប័ននីមួយៗ ត្រូវមានកិច្ចការងារជាច្រើន ដូច្នេះ មានមន្ដ្រីព័ត៌មានរបស់ខ្លួន សម្រាប់ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។

" "

លោកបញ្ជាក់ថា «សូមមេត្តា គឺត្រូវតែរៀបចំគ្រប់ស្ថាប័ន្ធទាំងអស់ គឺត្រូវតែមានមន្ដ្រីព័ត៌មាន ហើយកន្លង មកនេះ នៅតាមខេត្តគឺយកអភិបាលរងខេត្ត កាលពីមុន យើងឱ្យតែមន្ទីរព័ត៌មាន ប៉ុន្ដែក្រោយមកដល់អភិបាលរងខេត្តវិញ»។

" "

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីក្រសួង ក៏បានណែនាំដល់បណ្តាអ្នកនាំពាក្យ មកពីបណ្តាក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជាធានី-ខេត្ត ត្រូវធ្វើការបកស្រាយ នៅរឿងដែលកើតឡើង ពិតជាក់ស្តែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។ ជាមួយគ្នានេះ លោកបានផ្ដាំផ្ញើដល់គ្រប់ក្រសួង-ស្ថានប័ន ត្រូវធ្វើការបកស្រាយស្រប តាមវិជ្ជាជីវៈជាមួយអ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន»ដែល នឹងប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍ នយោបាយព័ត៌មាន ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែង របស់រដ្ឋបាល រាជធានី-ខេត្ត និងជំរុញការផ្តល់ សេវាសាធារណៈឱ្យទៅកៀកផ្ទាល់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពផងដែរ៕

To Top