ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាកម្លាំងចលករ ក្នុងការលើកកម្ពស់ កំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា បច្ចេកវិទ្យាឌីជីថល ក្លាយជាកម្លាំងចលករដ៏រឹងមាំ ក្នុងការលើកកម្ពស់ធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពប្រកួតប្រជែងផងដែរ។

នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង (Voice of South Summit) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣​ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា និន្នាការពហុប៉ូលនិងការបែងចែកប្លុក កំពុងលេចឡើងកាន់តែច្បាស់ ការគោរពឯករាជ្យ អធិបតេយ្យនិងសិទ្ធិស្វ័យសម្រេច ក្នុងការជ្រើសរើសសម្រាប់ការ អភិវឌ្ឍរបស់ប្រទេសនីមួយៗជាកិច្ចការ ដែលទាំងអស់គ្នាជាប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវបន្តប្រកាន់ជំហ។

សម្ដេចតេជោ បន្ដថា ទន្ទឹមនេះទាំងអស់គ្នាត្រូវបន្តជំរុញ យន្តការពហុភាគីនិយម និងវប្បធម៌សន្ទនាក្នុងការដោះស្រាយ បញ្ហាប្រឈមនានាសំដៅទប់ស្កាត់ ការបែងចែកសេដ្ឋកិច្ច និងប្លុកពាណិជ្ជកម្មព្រមទាំងបញ្ជៀសនូវ ការប៉ះទង្គិចយោធាណាមួយ ដែលអាចកើតឡើងជាយថាហេតុ ដើម្បីថែរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពតំបន់ ហើយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងការគាំពារសង្គមពិតជាមានសារៈសំខាន់ ដើម្បីត្រៀមទប់ទល់ការប៉ះទង្គិចផ្សេងៗទៀត នាពេលអនាគត។

សម្ដេចតេជោ បញ្ជាក់ទៀតថា «អនុវត្តធនធានមនុស្ស និងផ្ដោតលើកាលានុវត្តភាពនៃ បម្រែបម្រួលវិទ្យាសាស្ត្រ តម្រូវការទីផ្សារការងារ និងការអភិវឌ្ឍ ជាមួយគ្នានេះ បច្ចេកវិទ្យាឌីជីថលបានក្លាយជា កម្លាំងចលករនិងរឹងមាំក្នុងការលើកកម្ពស់ ពិពិធកម្មនិងកំណើនសេដ្ឋកិច្ច ពង្រឹងភាពប្រកួតប្រជែងនិងភាពធន់។ ទោះជាយ៉ាងណាក្តី ការចាប់យកបច្ចេកវិទ្យាឌីជីថល នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅតែបន្តមានគម្លាត។ ក្នុងន័យនេះយើងពិតជា មានការចាំបាច់ក្នុងការ ចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ បទពិសោធន៍និងការបណ្ដុះបណ្ដាល ក៏ដូចជាការទាក់ទាញនូវការវិនិយោគ ការផ្ដល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីប្រទេសអភិវឌ្ឍន៍»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ កិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាពតាមរយៈការគាំទ្រ ការពង្រីក កិច្ចសហប្រតិបត្តិការលើការ កសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម៕

To Top