ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ប្រាប់​ពលរដ្ឋរស់នៅសំណង់មិនរៀបរយ លើផ្លូវ១៥១ គួរឈប់ដើរតវ៉ាតាមផ្លូវ និងពិចារណា ទទួលយកដីគោលនយោបាយ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ផ្តាំដល់ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយ​ នៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈ ដែលនាំអោយប៉ះពាល់ ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណា ទទួលយកដីគោលនយោបាយ ពីអាជ្ញាធរ។

មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានអំពាវនាវបែបនេះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ខណៈបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង២០គ្រួសារ រស់នៅសំណង់មិនរៀបរយ​ នៅលើផ្លូវ១៥១ ដែលបានធ្វើការតវ៉ា​ នៅចំណុចមុខក្រសួងដែនដី នគររូបនីកម្ម​ និងសំណង់ ដើម្បីឲ្យពួកគេអាចរស់នៅលើទីតាំងចាស់ លើផ្លូវលេខ១៥១នេះដដែល។

បើតាមមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋ រស់នៅសំណង់មិនរៀបរយ នៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ មានប្រមាណ១០០ខ្នងផ្ទះ ដែលប៉ះពាល់ ដល់គម្រោងពង្រីកផ្លូវ១៥១ ឲ្យបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរ ជូនប្រជាពលរដ្ឋ ស្របតាមការរីកចំរើន របស់រាជធានីភ្នំពេញ ។ បើទោះជាបងប្អូន បាននិងកំពុងរស់នៅមិនស្របច្បាប់ លើចំណីផ្លូវសាធារណៈ យ៉ាងណាក្តី ក៏អាជ្ញាធរ បានគិតគួររៀបចំដីឡូត៌ស្របច្បាប់ ដែលនៅមិនឆ្ងាយ ពីទីតាំងចាស់ប្រមាណ១គីឡូម៉ែត្រ លើផ្លូវ១៥១ដដែលជូនពួកគាត់ ដែលក្នុងមួយខ្នងផ្ទះ ទទួលបានដី១ឡូត៌ទំហំ ៤,២ម៉ែត្រគុណ២០ម៉ែត្រ ។

មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ផងដែរថា ចំពោះការផ្តល់ជូននេះ ប្រជាពលរដ្ឋ២៨ខ្នងផ្ទះ បានយល់ដឹងនិងឯកភាព ទទួលយកដីគោលនយោបាយខាងលើ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីនេះហើយ។

ទោះជាយ៉ាងនេះក្តី ក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត ស្តាប់តាមការញុះញ៉ុងពីអង្គការ សង្គមស៊ីវិលមួយចំនួន ទើបបន្តការតវ៉ាជារឿយៗ ដោយមិនព្រមទទួលយក គោលនយោបាយ របស់រដ្ឋបាលរាជធានីភ្នំពេញនេះឡើយ។ ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ សូមអំពាវនាវអោយប្រជាពលរដ្ឋ ពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលា និងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋ ដែលបានឯកភាពខាងលើ៕

To Top