ភ្នំពេញ ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា មន្ដ្រីការិយាល័យទី២ របស់មន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀន ត្រូវបានរងការពិន័យពីអង្គភាពរបស់ខ្លួន ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាព នៅភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ ហើយបានចេញបទបញ្ជាស្រាវជ្រាវ ករណីនេះជាបន្ទាន់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រោយបានស្រាវជ្រាវ ហើយរកឃើញថា មន្ត្រីការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះទៅអនុវត្តន៍វីធានញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ ជូនស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងមានការដឹក នាំពីសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង រាជធានីភ្នំពេញ។ ប៉ុន្តែក្នុងការចុះអនុវត្តន៍ការងារ ក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ប្រភព ដដែល បញ្ជាក់ទៀថា «ហេតុនេះ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្នាន នគរបាលជាតិ សម្រេចថា ដាក់វិន័យដោយបញ្ជូន ទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីពិចារណាកំហុស។ ក្រុមប្រឹក្សាវិន័យ នឹងពិនិត្យស្នើសុំដាក់វិន័យ ជាក់ស្ដែងបន្ថែមទៀត»។
លើសពីនេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងអំណរគុណ ចំពោះកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាមតិរិះគន់ស្ថាបនាពីគ្រប់បណ្ដាញ ផ្សព្វផ្សាយព័ត៌មាន ដែលកន្លងមកបានផ្ដល់ព័ត៌មាន ទាន់ពេលវេលាចូលរួម ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងចូលរួមសំអិតសំអាង ដល់មន្ត្រីរបស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ៕